លោក ហ្សេលេនស្គី ថាលោក ម៉ាក្រុង យល់ព្រមពន្លឿនការបញ្ជូនបរិក្ខារការពារដែនអាកាសមកអ៊ុយក្រែន

22-08-2026 22:45

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា លោកបានពិភាក្សាអំពីបញ្ហាខ្វះខាតប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលធ្លាប់សន្យាថាពន្លឿនការបញ្ជូនបរិក្ខារថ្មីៗរបស់បារាំង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦។

តាមបណ្តាញតេឡេក្រាម លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «យើងបានព្រមព្រៀងគ្នាពន្លឿនការបញ្ជូនឧបករណ៍ និងមីស៉ីលទំនើបៗចុងក្រោយបង្អស់របស់បារាំង» ដោយមិនផ្តល់ព័ត៌មានលម្អិត។ «សូមអរគុណចំពោះការបញ្ជាក់ពីការត្រៀមខ្លួនក្នុងការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការផលិតមីស៉ីល»។ នេះជាការបន្ថែមរបស់លោក ហ្សេលេនស្គី។

អ៊ុយក្រែន កំពុងរង់ចាំការមកដល់នៃប្រព័ន្ធការពារដោយមីស៉ីល SAMP/T-NG ថ្មី ដែលផលិតរួមគ្នាដោយអ៉ីតាលី និងបារាំង ហើយត្រូវបានអ្នកជំនាញវាយតម្លៃថាមានសមត្ថភាពអាចបាញ់ទម្លាក់មីស៉ីលបាលីស្ទីគបាន។ មន្ត្រីការទូតអឺរ៉ុបធ្លាប់បានលើកឡើងថា ប្រព័ន្ធនេះប្រហែលជាមិនអាចមកដល់អ៊ុយក្រែនមុនរដូវផ្ការីកឆ្នាំក្រោយឡេីយ៕