ក្រុមឧទ្ទាមអះអាងថា ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា ត្រូវចំវត្តអារាមសម្លាប់មនុស្ស១៤នាក់ (Video inside)

23-08-2026 09:39

(ណៃពិដោ)៖ សាក្សី២នាក់ដែលជាសមាជិកក្រុមឧទ្ទាមប្រដាប់អាវុធ បានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា បានត្រូវចំលើវត្តអារាមមួយកន្លែង ជាទីដែលប្រជាពលរដ្ឋកំពុងប្រមូលផ្តុំគ្នា ដើម្បីធ្វើសមាធិក្នុងឱកាសពិធីបុណ្យចូលវស្សា បណ្តាលឱ្យមនុស្ស ១៤នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

សមាជិកក្រុមឧទ្ទាមម្នាក់ក្នុងចំណោមនោះ គឺលោក Nway Oo Myaung បាននិយាយថា ការវាយប្រហារបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចំលើសាលាឆាន់នៃវត្តមួយកន្លែង ស្ថិតក្នុងស្រុក Myaung នៃតំបន់ Sagaing ភាគកណ្តាលប្រទេស ហើយបានសម្លាប់បុរស១១ នាក់ និងស្ត្រី ៣នាក់។ លោកបានបន្តថា «ដោយសារតែជាឱកាសចូលវស្សា មនុស្សចាស់ៗបាននាំគ្នាប្រមូលផ្តុំនៅទីនេះធ្វើសមាធិ សម្រាប់រយៈពេលបីខែ។ អ្នកដែលត្រូវបានសម្លាប់ មានអាយុចន្លោះពី៥០ ទៅ៧០ឆ្នាំ។ នេះមិនមែនជាគោលដៅខុសនោះទេ គឺពួកគេបានវាយប្រហារវត្តអារាមដោយចេតនា»។

ចំណែក សមាជិកក្រុមឧទ្ទាមម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកស្លាប់៥នាក់មកពីភូមិរបស់ខ្លួន និង៩នាក់ទៀតមកពីភូមិផ្សេងៗ ហើយស្របពេលដែលពួកគេកំពុងព្យាយាមជួយសង្គ្រោះមនុស្ស យន្តហោះយោធាមីយ៉ាន់ម៉ាក៏បានមកទម្លាក់គ្រាប់បែកជាលើកទីពីរ។

យោធាមីយ៉ាន់ម៉ា បានបង្កឱ្យផ្ទុះសង្គ្រាមស៊ីវិល នៅពេលដែលខ្លួនបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០២១ ដោយផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី រួចហើយឃុំខ្លួនម្ចាស់ណូបែលសន្តិភាពរូបនេះ។ ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ មនុស្សជាង ១០០ ០០០នាក់ ត្រូវគេប៉ាន់ស្មានថាបានស្លាប់ទាំងសងខាង ខណៈយោធាកំពុងបន្តប្រយុទ្ធជាមួយក្រុមបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ជាច្រើន។

គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ មកពីយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា (IIMM) កាលពីសប្តាហ៍មុន ទើបតែបានចេញផ្សាយរបាយការណ៍មួយ ដែលចោទប្រកាន់យោធាពី «ការវាយប្រហារតាមអាកាសដោយគ្មានការរើសអើង និងដោយចេតនា ប្រឆាំងនឹងជនស៊ីវិល»។ សំណងសាធារណៈ ដែលជាញឹកញាប់ គឺវត្តអារាមហើយនិងសាលារៀន គឺជាទីតាំងដែលត្រូវបានរាយការណ៍ថា រងការវាយប្រហារតាមអាកាស។ យ៉ាងណាមិញ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានហៅរបាយការណ៍របស់ IIMM ថាជា «ការចោទប្រកាន់ឯកតោភាគី ប្រឆាំងនឹងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ដោយផ្អែកលើព័ត៌មានដែលមិនអាចផ្ទៀងផ្ទាត់បាន និងមិនត្រឹមត្រូវ»