អ៉ីស្រាអែល បើកការវាយប្រហារថ្មីនៅស៉ីរី ក្រោយការរិះគន់ពីអាមេរិក (Video inside)
23-08-2026 11:45
(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែលល បានបើកការវាយប្រហារថ្មីមួយទៀតនៅប្រទេសស៉ីរី កាលពីថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ និងបានថ្កោលទោសបេសកជនរបស់សហរដ្ឋអាមេរិកលោក Tom Barrack ចំពោះការរិះគន់ការវាយប្រហារក្នុងសប្តាហ៍នេះ លើមូលដ្ឋានទ័ពអាកាសមួយនៅភាគពាយ័ព្យស៉ីរី ដែលអ៉ីស្រាអែលបានចោទប្រកាន់តួកគីយ៉េថា កំពុងព្យាយាមស្វែងរកសិទ្ធិប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បេសកជនអាមេរិកប្រចាំស៉ីរីលោក Tom Barrack កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានរិះគន់ការវាយប្រហាររបស់អ៉ីស្រាអែលលើមូលដ្ឋានទ័ពអាកាសយោធា ដែលលែងមានការប្រើប្រាស់នោះថាជា «ការបង្កើនភាពតានតឹងមិនចាំបាច់ ដែលមិនជួយដល់ស្ថិរភាពក្នុងតំបន់»។ រីឯក្នុងកិច្ចសម្ភាសមួយ កាលពីថ្ងៃសុក្រ លោក Barrack បាននិយាយថា ការវាយប្រហារនោះ អាចមានបំណងដើម្បីបង្កជម្លោះជាមួយតួកគីយ៉េ។ ប្រការនេះនាំឱ្យរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz ចេញមុខនិយាយបកទៅវិញ កាលពីថ្ងៃសៅរ៍ ដោយហៅការលើកឡើងនោះថា «ពោរពេញដោយភាពមិនត្រឹមត្រូវ»។
លោក Katz បានសរសេរលើបណ្តាញសង្គមថា អ៉ីស្រាអែលបានបញ្ជូនព័ត៌មានស៊ើបការណ៍ទៅកាន់ភាគីដែលមានសិទ្ធិអនុញ្ញាត នៅសហរដ្ឋអាមេរិក មុនការវាយប្រហារកាលពីថ្ងៃអង្គារ។ លោកបានបន្ថែមថា ការលើកឡើងរបស់លោក Barrack «ពោរពេញដោយភាពមិនត្រឹមត្រូវ និងផ្ទុយពីជំហររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ទាល់ ទាក់ទងនឹងតំបន់ Golan Heights បន្ទាប់ពីលោកបេសកជនអាមេរិក បានហៅទឹកដីនេះថា «ទឹកដីស្ថិតក្រោមការត្រួតត្រា»។
ចាប់តាំងពីការផ្ដួលរំលំអតីតមេដឹកនាំស៉ីរីដែលកាន់អំណាចយូរឆ្នាំ គឺលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ អ៉ីស្រាអែលបានធ្វើការវាយប្រហាររាប់រយលើកនៅប្រទេសស៊ីរី និងថែមទាំងបានបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ទ្រនាប់ ដែលល្បាតដោយអង្គការសហប្រជាជាតិ ខណៈកន្លែងនោះបានបម្រើជាខ្សែបន្ទាត់ខណ្ឌចែកអស់រយៈពេលជាច្រើនទសវត្សរ៍ រវាងកងកម្លាំងអ៉ីស្រាអែលនិងស៊ីរី នៅតំបន់ Golan Heights។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានដណ្ដើមកាន់កាប់ភាគច្រើននៃតំបន់ Golan Heights ពីប្រទេសស៉ីរី កាលពីអំឡុងសង្គ្រាមអារ៉ាប់-អ៉ីស្រាអែលឆ្នាំ១៩៦៧ ហើយក្រោយមកបានកាត់បញ្ចូលតំបន់នេះ ក្រោមការគ្រប់គ្រងរបស់ខ្លួន ជាទង្វើដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក ហើយក្នុងខែនេះ ក៏ត្រូវបានទទួលស្គាល់ដោយប្រទេសកូឡុំប៊ីផងដែរ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក Benjamin Netanyahu ដោយអត្ថាធិប្បាយលើការវាយប្រហារកាលពីថ្ងៃអង្គារ បានចោទថា តួកគីយ៉េ ដែលជាសម្ព័ន្ធមិត្តរបស់អាជ្ញាធរថ្មីនៅទីក្រុងដាម៉ាស កំពុងស្វែងរកការបង្កើតវត្តមានយោធានៅមូលដ្ឋានទ័ពអាកាសខាងលើ ប៉ុន្តែទីក្រុងអង់ការ៉ាបានបដិសេធ។ លោក Netanyahu និងប្រធានាធិបតីតួកគីយ៉េលោក Recep Tayyip Erdogan បានផ្ទុះសង្រ្គាមពាក្យសម្តីនឹងគ្នា ចាប់តាំងពីការវាយប្រហារនោះ៕







