កាណាដា ប្រកាសដាក់ពន្ធសងសឹកលើអាមេរិក ​ក្រោយ​កិច្ចចរចា​ពាណិជ្ជកម្ម​បរាជ័យ (Video inside)

23-08-2026 14:48

(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា លោក Mark Carney កាលពីថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា លោកនឹងដាក់ពន្ធគយសងសឹកលើសហរដ្ឋអាមេរិក បន្ទាប់ពីដើរចេញពីអ្វីដែលលោកចាត់ទុកថាជា «កិច្ចព្រមព្រៀងមិនល្អ» ស្តីពីពាណិជ្ជកម្ម ខណៈប្រការនេះធ្វើឲ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរ កាន់តែប្រេះឆាខ្លាំងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចចរចារវាងប្រទេសជិតខាងទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យឲ្យចំណាត់ការពន្ធគយថ្មី ៥០ភាគរយ របស់អាមេរិក ដែលប៉ះពាល់ដល់ទំនិញប្រមាណ ២០ពាន់លានដុល្លារអាមេរិក ឬ ៥,៥ភាគរយនៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ ផលិតផលដែលរងផលប៉ះពាល់ក្រោមពន្ធថ្មីនោះ រួមមានចាប់ពីឧបករណ៍កីឡាហុកគី (hockey) រហូតដល់ស៊ីម៉ងត៍។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កន្លងមកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គួរតែអាចឈានដល់កិច្ចព្រមព្រៀងជាមួយកាណាដា ដោយលើកឡើងពីទំនាក់ទំនងល្អរបស់លោកជាមួយលោក Carney។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីកាណាដា បាននិយាយថា លោក ត្រាំ បានកំណត់លក្ខខណ្ឌ ដែលទីបំផុតមិនអាចទទួលយកបាន។ លោក Carney បានថ្លែងចេញពីរដ្ឋធានីអូតាវ៉ារបស់កាណាដាថា «យើងមានភាពជឿជាក់កាលពីដើមសប្តាហ៍នេះថា យើងកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលមានផលប្រយោជន៍ទៅវិញទៅមក»។

ប៉ុន្តែលោកបានបន្តថា ««ប៉ុន្មានថ្ងៃចុងក្រោយនេះ សហរដ្ឋអាមេរិកបានស្នើលក្ខខណ្ឌថ្មីៗ ដែលមិនចំណេញដល់សេដ្ឋកិច្ច មិនយុត្តិធម៌ និងបានធ្វើឲ្យខូចផលប្រយោជន៍ជារួមរបស់កាណាដា ហើយថែមទាំងធ្វើឱ្យមានការសង្ស័យ លើភាពអាចជឿទុកចិត្តបាននៃកិច្ចព្រមព្រៀងណាមួយ។ និយាយឲ្យខ្លី គឺពួកគេបានទាមទារច្រើនពេក ហើយបានផ្តល់មកវិញតិចតួចពេក»»។ លោក Carney បាបន្ថែមថា «យើងមិនអាចទទួលយកអ្វីដែលពួកគេបានផ្តល់ឱ្យនោះទេ ហើយយើងនឹងមិនផ្តល់នូវអ្វីដែលពួកគេបានទាមទារឡើយ» ដោយចោទប្រកាន់លោក ត្រាំ ថាបានចាប់ផ្តើម «សង្គ្រាមពាណិជ្ជកម្ម»។ លោកនាយករដ្ឋមន្រ្តីកាណាដា បានសង្កត់ធ្ងន់ដូច្នេះថា «អ្នកស្ថិតក្នុងសង្គ្រាម នៅពេលអ្នកត្រូវបានវាយប្រហារ។ ពេលនេះយើងបានរងការវាយប្រហារ»

គួរបញ្ជាក់ថា ពន្ធគយថ្មីរបស់កាណាដា នឹងកំណត់គោលដៅជាពិសេសលើឧស្សាហកម្មដែកថែប និងទឹកដោះគោរបស់សហរដ្ឋអាមេរិក ហើយចូលជាធរមាន នៅថ្ងៃទី ៨ ខែកញ្ញា។ លោក Carney បាននិយាយថា ព័ត៌មានលម្អិតបន្ថែម នឹងចេញផ្សាយនៅសប្តាហ៍ក្រោយ។ ក្រៅពីពន្ធគយចុងក្រោយនេះ អាមេរិកនិងកាណាដា ក៏នៅតែត្រូវស្វែងរកការព្រមព្រៀងលើការកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង ហៅថា USMCA ដែលលោក ត្រាំ បានបដិសេធមិនបន្តសុពលភាព ក្នុងទម្រង់បច្ចុប្បន្នរបស់វាផងដែរ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានជួបភាពរកាំរកូស ចាប់តាំងពីមានការគំរាមកំហែងម្តងហើយម្តងទៀត ដោយលោក ត្រាំ ស្តីពីការចង់ធ្វើឲ្យប្រទេសកាណាដា ក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក៕