មេបញ្ជាការកងទ័ពប៉ាគីស្ថាន នឹងបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ ដើម្បីជំរុញកិច្ចចរចាសន្តិភាពរវាងអ៉ីរ៉ង់ និងអាមេរិក

23-08-2026 19:41

(គែរ)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បានប្រកាសនៅថ្ងៃអាទិត្យនេះថា មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ នៅថ្ងៃចន្ទស្អែកនេះ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការនាំមកនូវសន្តិភាព និងសន្តិសុខដល់តំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦។

ប្រទេសប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងកិច្ចចរចារវាងប្រទេសអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលដៅបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ។ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Munir នឹងផ្តោតលើការពិភាក្សាអំពីសន្តិភាពក្រោមកិច្ចព្រមព្រៀង MoU របស់ទីក្រុងអ៉ីស្លាម៉ាបាដ, ការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងស្ថានភាពក្រោយកិច្ចព្រមព្រៀងត្រីភាគីរវាងប៉ាគីស្ថាន-តួកគី-អារ៉ាប៊ីសាអូឌីត និងបញ្ហាពាក់ព័ន្ធនឹងក្រុមហ៊ូទីជាមួយថ្នាក់ដឹកនាំអ៉ីរ៉ង់។

ដំណើរទស្សនកិច្ចនេះកើតមានឡើងស្របពេលដែលភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង ខណៈដែលទីក្រុងវ៉ាស៊ីនតោនត្រៀមប្រកាសលម្អិតអំពីអ្វីដែលខ្លួនហៅថាជា «ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងបំផុតនៅក្នុងប្រវត្តិសាស្ត្រ» ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ហើយលោក ត្រាំ ក៏បានព្រមានដាក់ទណ្ឌកម្មលើប្រទេសណាដែលហ៊ានផ្តល់ «ខ្សែជីវិតសេដ្ឋកិច្ចដល់អ៉ីរ៉ង់» ផងដែរ។ ជាការឆ្លើយតប អ៉ីរ៉ង់បានព្រមានវាយបកវិញផ្នែកយោធាយ៉ាងចាស់ដៃចំពោះទណ្ឌកម្មទាំងនោះ។

គួរបញ្ជាក់ថា ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ស្ទើរតែបានជាប់គាំងទាំងស្រុង ដោយសារតែទីក្រុងតេហេរ៉ង់បានគំរាមវាយប្រហារលើរាល់នាវាដឹកប្រេងណាដែលគ្មានការអនុញ្ញាតឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ ខណៈដែលសេដ្ឋកិច្ចរបស់អ៉ីរ៉ង់ក៏កំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីទណ្ឌកម្មអន្តរជាតិផងដែរ៕