ស៉ីរី និងអ៉ីស្រាអែល បើកការពិភាក្សានៅហ៊្សកដានី ក្រោមការសម្រេបសម្រួលដោយអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង (Video inside)

24-08-2026 08:44

(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី SANA បានរាយការណ៍ដោយដកស្រង់ប្រភពពីមន្ត្រីក្រសួងការបរទេសថា កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ស៉ីរី និងអ៉ីស្រាអែល បានបើកកិច្ចពិភាក្សាកម្រិតខ្ពស់នៅប្រទេសហ៊្សកដានី ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការវាយប្រហារថ្មីរបស់អ៉ីស្រាអែលលើទឹកដីស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចពិភាក្សាផ្តោតលើយន្តការជាក់ស្តែង ដើម្បីបញ្ឈប់ការវាយប្រហារ ការចាប់ខ្លួន និងប្រតិបត្តិការកំណត់គោលដៅរបស់អ៉ីស្រាអែល ព្រមទាំងការចាប់ផ្តើមចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិសុខមួយ ដែលអាចត្រួសត្រាយផ្លូវសម្រាប់ក្របខណ្ឌនៃកិច្ចដ៏ទូលំទូលាយមួយ នាពេលអនាគត។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអ៉ីស្រាអែល និងតួកគីយ៉េផងដែរ ព្រមទាំងទប់ស្កាត់កុំឱ្យការប្រកួតប្រជែងគ្នារវាងអ៉ីស្រាអែល និងតួកគីយ៉េ រាលដាលចូលទៅក្នុងទឹកដីស៉ីរី។

ភាគីស៉ីរី បញ្ជាក់ថាអាទិភាពបន្ទាន់របស់ខ្លួននៅតែជាការដកកងទ័ពអ៉ីស្រាអែល ត្រឡប់ទៅកាន់ទីតាំងដែលខ្លួនធ្លាប់កាន់កាប់ មុនពេលនៃការដួលរលំរបបដឹកនាំរបស់អតីតមេដឹកនាំស៉ីរី លោក Bashar al-Assad ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ និងស្ដារឡើងវិញទាំងស្រុងនូវកិច្ចព្រមព្រៀងបញ្ចប់ជម្លោះឆ្នាំ១៩៧៤។ ដោយឡែកភាគីអ៉ីស្រាអែល នៅមិនទាន់ធ្វើអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា ចាប់តាំងពីរបបលោក Assad ដួលរលំមក អ៉ីស្រាអែលបានបើកការវាយប្រហារជាបន្តបន្ទាប់ ទៅលើទីតាំងយោធារបស់ស៉ីរី ដោយអះអាងថាការធ្វើបែបនេះគឺចាំបាច់ដើម្បីការពារសន្តិសុខផ្ទាល់ខ្លួន។ ស៉ីរីបានបដិសេធបង្កការគំរាមកំហែង និងទាមទារឱ្យបញ្ឈប់រាល់ការវាយប្រហារ និងការឈ្លានពានរបស់អ៉ីស្រាអែល។ ជាង ១ឆ្នាំហើយដែលទីក្រុងវ៉ាស៉ីនតោន ព្យាយាមសម្របសម្រួលកិច្ចព្រមព្រៀងសន្តិសុខមួយរវាងអ៉ីស្រាអែល និងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៉ីរី Ahmed al-Sharaa។

ការវាយប្រហារថ្មីចុងក្រោយរបស់អ៉ីស្រាអែលល​នៅស៉ីរី បានធ្វើឡើងកាលពី​ថ្ងៃ​សៅរ៍សប្តាហ៍មុន។ អ៉ីស្រាអែលបាន​ថ្កោលទោស​​បេសកជនអាមេរិក លោក Tom Barrack ចំពោះ​ការរិះគន់ការវាយប្រហារលើ​មូលដ្ឋាន​ទ័ពអាកាស​មួយ​នៅ​ភាគ​ពាយ័ព្យស៉ីរី ដែលអ៉ីស្រាអែល​ចោទប្រកាន់​តួកគីយ៉េ​ថា ​កំពុងព្យាយាម​ស្វែងរកសិទ្ធិប្រើប្រាស់៕