ន័រវែសប្រកាសផ្តល់ជំនួយជាង ៩ពាន់លានដុល្លារ ដល់អ៊ុយក្រែននៅឆ្នាំ២០២៧
24-08-2026 12:06
(អូស្លូ)៖ រដ្ឋាភិបាលន័រវែស បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ថា ប្រទេសអឺរ៉ុបខាងជើងមួយនេះ គ្រោងផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមចំនួន ៨៥ពាន់លានក្រូនន័រវែស ស្មើនឹងប្រហែល ៩,២ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក្នុងឆ្នាំសារពើពន្ធ២០២៧ ដែលមានទំហំប្រហាក់ប្រហែលគ្នា នឹងចំនួនដែលបានផ្តល់ក្នុងឆ្នាំ២០២៦នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Støre រួមជាមួយមេដឹកនាំអឺរ៉ុបដទៃទៀត មកពីតំបន់ Nordic និង Baltic បាននាំគ្នាធ្វើដំណើរទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី។
លោក Støre ត្រូវបានដកស្រង់សម្តីនៅក្នុងសុន្ទរកថា ដែលរដ្ឋាភិបាលន័រវែសបានចេញផ្សាយនៅទីក្រុងអូស្លូថា ជំនួយរបស់ន័រវែស នឹងត្រូវប្រើប្រាស់សម្រាប់ទាំងការចំណាយផ្នែកយោធា និងមនុស្សធម៌។ លោកបានសង្កត់ធ្ងន់ដូច្នេះថា «ការគាំទ្រនិងការកសាងអ៊ុយក្រែនឡើងវិញ មិនមែនគ្រាន់តែជាជំនួយនោះទេ។ វាគឺជាការវិនិយោគលើសន្តិសុខរបស់អឺរ៉ុបផ្ទាល់»។
ទន្ទឹមគ្នា ហ្វាំងឡង់និងអ៊ុយក្រែន ក៏បានចុះហត្ថលេខាលើឯកសារមួយបង្ហាញពីគោលបំណង ស្តីពីការផលិតនិងអភិវឌ្ឍប្រព័ន្ធដ្រូន (គ្មានមនុស្សបើក) នៅប្រទេសហ្វាំងឡង់ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់បង្កើតក្រុមហ៊ុនរួមមួយ ដើម្បីផលិតយានដ្រូនធ្វើប្រតិបត្តិការលើផ្ទៃទឹក ក្នុងចំណោមឯកសារផ្សេងៗទៀត។
ដោយឡែក នៅក្នុងសេចក្តីអត្ថាធិប្បាយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទីក្រុងកៀវ បានបើកនូវអ្វីដែលរូបលោកហៅថា «ប្រអប់ Pandora» តាមរយៈការវាយប្រហារលើ គោលដៅសេដ្ឋកិច្ចរបស់រុស្ស៊ី ហើយលោកបានព្រមានថា ទីក្រុងមូស្គូនឹងវាយប្រហារតបត្រឡប់វិញ ទៅលើវិស័យសេដ្ឋកិច្ចសំខាន់ៗបំផុតរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៊ីនិងអ៊ុយក្រែន បាននិងកំពុងតែបង្កើនយុទ្ធនាការប្រើប្រាស់ដ្រូនក្នុងការវាយប្រហារដាក់គ្នា ដើម្បីព្យាយាមបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ភាគីម្ខាងៗ ហើយជារឿយៗ វាយលើគោលដៅដែលស្ថិតនៅឆ្ងាយពីខ្សែត្រៀមជួរមុខ ស្របពេលការប្រយុទ្ធគ្នានៅតាមសមរភូមិលើដី ស្ទើរជាប់គាំងទាំងស្រុង ហើយសង្រ្គាមអូសបន្លាយជិតដល់រយៈពេលគម្រប់៤ឆ្នាំកន្លះ៕




