ការដុតបំផ្លាញ និងបំផ្ទុះគ្រាប់បែក កើតមានឡើងនៅទីតាំងច្រើនជាង៧០កន្លែង ពាសពេញបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅនេះ

24-08-2026 13:24

(បាងកក)៖ អាជ្ញាធរថៃបានឲ្យដឹងថា ក្រុមជនសង្ស័យដែលទំនងជាពួកឧទ្ទាមចង់ផ្តាច់ខ្លួន បានធ្វើសកម្មភាពដុតបំផ្លាញ និងបំផ្ទុះគ្រាប់បែក លើអគាររដ្ឋាភិបាល ហាងទំនិញ រថយន្ត និងបង្គោលភ្លើង នៅជាង៧០ទីតាំង នៅទូទាំងខេត្តភាគខាងត្បូងបំផុតចំនួន៤ របស់ប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅនេះ បណ្តាលឲ្យមនុស្សយ៉ាងហោច ៣នាក់រងរបួស នៅក្នុងការវាយប្រហារ ដែលត្រូវបានធ្វើឡើងព្រមៗគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍ចុងក្រោយបំផុតពីអាជ្ញាធរថៃ បានបង្ហាញថា មានឧប្បត្តិហេតុយ៉ាងតិច៧៨ករណី នៅក្នុងខេត្តភាគខាងត្បូងទាំង៤ គឺ៤០ករណីនៅ Narathiwat, ២១ករណីនៅ Yala, ១៥ករណីនៅ Pattani និង ២ករណីនៅ Songkhla។ មកទល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងថា ជាសកម្មភាពរបស់ខ្លួននៅឡើយទេ។ ការវាយប្រហារភាគច្រើន បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅទូទាំងខេត្ត Pattani, Yala, Narathiwat និងផ្នែកខ្លះនៃ Songkhla ហើយមានករណីខ្លះទៀត បានបន្តកើតឡើងនៅថ្ងៃអាទិត្យ។

ផ្លូវដែកមួយខ្សែ ត្រូវបានវាយប្រហារដោយគ្រឿងផ្ទុះនៅខេត្ត Narathiwat ដែលបណ្តាលឲ្យការធ្វើសេវាកម្មនៅកំណាត់ផ្លូវដែកនោះ ត្រូវបានផ្អាក។ អាជ្ញាធរថៃ បានដាក់អនុវត្តបម្រាមគោចរនៅ Narathiwat ហើយក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី លោក Anutin Charnvirakul បានបង្គាប់ឱ្យកងកម្លាំងសន្តិសុខ បង្កើនការធានាសុវត្ថិភាពចំពោះសាធារណជន។

លោកឧត្តមសេនីយ៍ Norathip Poinok ដែលជាមេបញ្ជាការកងទ័ពថៃនៅតំបន់ភាគខាងត្បូង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃចន្ទនេះថា អាជ្ញាធរបានទទួលព័ត៌មានសម្ងាត់ តាំងពីជិត២ខែមុន ដែលព្រមានអំពីការវាយប្រហារលើអគាររដ្ឋាភិបាល ហាងទំនិញ និងហេដ្ឋារចនាសម្ព័ន្ធថាមពល។ លោក Norathip បានពិពណ៌នាការវាយប្រហារនេះ ថាជាការសងសឹកចំពោះការបង្ក្រាបលើក្រុមឧទ្ទាម និងអាជីវកម្មខុសច្បាប់ រួមមានទាំងការជួញដូរគ្រឿងញៀន និងទំនិញគេចពន្ធ ដែលផ្តល់មូលនិធិដល់ក្រុមប្រដាប់អាវុធ។

តំបន់ភាគខាងត្បូងនៃប្រទេសថៃ ដែលមានជនម៉ូស្លីម និងជនជាតិម៉ាឡេរស់នៅភាគច្រើន បានប្រឈមមុខនឹងជម្លោះច្រើនទសវត្សរ៍មកហើយ ជាមួយក្រុមឧទ្ទាមប្រដាប់អាវុធ ដែលចង់បានស្វ័យភាពកាន់តែទូលំទូលាយជាងមុន ឬក៏ឯករាជ្យភាពតែម្តង។ តំបន់នេះ ធ្លាប់ជាផ្នែកនៃរដ្ឋស៊ូលតង់ម៉ាឡេឯករាជ្យមួយ ឈ្មោះ Patani មុនពេលការកាត់បញ្ចូលទៅក្នុងប្រទេសថៃ ត្រូវបានធ្វើឱ្យទៅជាផ្លូវការ​ កាលពីឆ្នាំ១៩០៩។ មនុស្សសរុបជាង ៧៨០០នាក់បានស្លាប់ នៅតាមខេត្តដែលស្ថិតជាប់ព្រំប្រទល់ជាមួយម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០០៤មក នៅពេលជម្លោះជុំចុងក្រោយបង្អស់ ដែលដឹកនាំដោយក្រុមហៅថា Barisan Revolusi Nasional (BRN) បានផ្ទុះឡើង។

គួរបញ្ជាក់ថា ការវាយប្រហារថ្មីខាងលើ កើតឡើងខណៈដែលប្រទេសថៃ កំពុងស្វែងរកការស្តារកិច្ចចរចាសន្តិភាពជាមួយ BRN ដែលជាក្រុមបំបែករដ្ឋធំជាងគេនៅក្នុងតំបន់។ ប្រធានដឹកនាំកិច្ចចរចា លោក Thanut Suvarnananda បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងខែនេះថា ទីក្រុងបាងកកចង់ឈានទៅមុខ លើសពីការដោះដូរសម្បទាន ដើម្បីកាត់បន្ថយអំពើហិង្សា និងដោះស្រាយបញ្ហានយោបាយ រួមទាំងអភិបាលកិច្ច។ កិច្ចចរចាសន្តិភាព ដែលសម្របសម្រួលដោយម៉ាឡេស៊ី បានជាប់គាំងម្តងហើយម្តងទៀត ចាប់តាំងពីបានចាប់ផ្តើម កាលពីឆ្នាំ២០១៣៕