លោក ហ្សេលេនស្គី អះអាងថា អ៊ុយក្រែនមិនជាប់ពាក់ព័ន្ធឡើយនឹងករណីបំផ្ទុះបំពង់ឧស្ម័ន Nord Stream ហើយកំពុងសហការជាមួយការស៊ើបអង្កេត (Video inside)

24-08-2026 14:08

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ បាននិយាយថា អ៊ុយក្រែនមិនបានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការណាមួយ ទាក់ទងទៅនឹងករណីបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នោះទេ ហើយកំពុងសហការជាមួយការស៊ើបអង្កេតលើបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងកៀវយ៉ាងដូច្នេះថា «អ៊ុយក្រែនមិនដែលបានចូលរួមជាផ្លូវការ ក្នុងប្រតិបត្តិការណាមួយទាក់ទងនឹងការបំផ្ទុះបំពង់បង្ហូរ Nord Stream 2 នោះទេ»។ បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 1 និង 2 រវាងរុស្ស៊ីនិងអាល្លឺម៉ង់ បានរងការខូចខាតដោយការបំផ្ទុះ កាលពីខែកញ្ញា ឆ្នាំ២០២២។ បំពង់បង្ហូរ Nord Stream 1 គឺជាផ្លូវដ៏សំខាន់សម្រាប់ការនាំចេញឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុប ខណៈបំពង់ Nord Stream 2 មិនទាន់បានដាក់ឱ្យដំណើរការនៅឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យជនជាតិអ៊ុយក្រែន២នាក់ កំពុងស្ថិតក្នុងការឃុំខ្លួន ក្រោមការសង្ស័យថាជាប់ពាក់ព័ន្ធ ក្នុងករណីបំផ្ទុះឧស្ម័នខាងលើ។ ក្នុងចំណោមនោះ ម្នាក់ត្រូវបានចាប់ខ្លួន នៅប្រទេសអ៉ីតាលី កាលពីខែសីហា ឆ្នាំ២០២៥ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់អាល្លឺម៉ង់។ រីឯម្នាក់ទៀត ទើបតែត្រូវបានចាប់ខ្លួននៅប្រទេសក្រូអាស៉ី កាលពីសប្តាហ៍មុន ហើយទំនងជានឹងត្រូវបញ្ជូនខ្លួនទៅកាន់អាល្លឺម៉ង់ដូចគ្នា៕