សហរដ្ឋអាមេរិក ប្រកាសលុបចោលសមយុទ្ធនៃកងម៉ារីនរួមគ្នា ជាមួយកូរ៉េខាងត្បូង (Video inside)

24-08-2026 15:28

(សេអ៊ូល)៖ កងម៉ារីនកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកបានលុបចោលសមយុទ្ធវាយលុកឆ្នេរសមុទ្ររួមគ្នា ដែលគ្រោងធ្វើឡើងនាខែក្រោយជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីបញ្ហាខ្វះខាតកម្លាំងទ័ពអាមេរិក ដោយសារតែសង្គ្រាមអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។

អ្នកនាំពាក្យកងម៉ារីនកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មានថា កងម៉ារីនអាមេរិក បានជូនដំណឹងជាផ្លូវការមកភាគីកូរ៉េខាងត្បូង កាលពីខែមិថុនា ថាលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងនឹងមានកំណត់ សម្រាប់ការធ្វើសមយុទ្ធកម្រិតកងពលធំ ដែលមានឈ្មោះ «Ssangyong»។ អ្នកនាំពាក្យបានឱ្យដឹងថា សម្ព័ន្ធមិត្តទាំងពីរនៅតែបន្តពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ អំពីការចាប់ផ្តើមធ្វើសមយុទ្ធឡើងវិញ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។

គួរបញ្ជាក់ថា ការលុបចោលនេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចេញបញ្ជាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដើម្បីបង្រួមការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំមួយ ជាមួយកូរ៉េខាងត្បូង ដែលទើបបញ្ចប់កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយលើកឡើងពីបញ្ហាចំណាយ និងការដែលទីក្រុងសេអ៊ូលបដិសេធចូលរួមក្នុងសង្គ្រាមនៅអ៉ីរ៉ង់៕