ចិន លើកឡើងថាតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុង «ចំណុចរបត់ដ៏គ្រោះថ្នាក់» និងអំពាវនាវឱ្យកាត់បន្ថយភាពតានតឹងតាមរយៈកិច្ចចរចា (Video inside)
24-08-2026 20:48
(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងនៅថ្ងៃចន្ទនេះថា ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្របានឈានដល់ «ចំណុចរបត់ដ៏សំខាន់ និងគ្រោះថ្នាក់» សារជាថ្មីម្តងទៀត ព្រមទាំងបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់វិលត្រឡប់មករកការសន្ទនា និងការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសគូវ៉ែត លោក Sheikh Jarrah Jaber Al-Ahmad Al-Sabah នៅរដ្ឋធានីប៉េកាំង លោក វ៉ាង យី បានគូសបញ្ជាក់ដូច្នេះថា «សេណារីយ៉ូចាស់នៃជម្លោះដដែលៗមិនគួរត្រូវបានអនុញ្ញាតឱ្យកើតឡើងម្តងទៀតនោះឡើយ» ហើយអាទិភាពចម្បងបំផុតនៅពេលនេះ គឺការកាត់បន្ថយភាពតានតឹងនៃស្ថានការណ៍។ លោកបានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការសម្របសម្រួលជាមួយប្រទេសគូវ៉ែត និងបន្តរួមចំណែកក្នុងការស្តារសន្តិភាព ព្រមទាំងស្ថិរភាពនៅក្នុងតំបន់ឡើងវិញ។
គួរបញ្ជាក់ថា ជំនួបខាងលើនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបានគំរាមកំហែងដាក់ចេញនូវ «ការវាយលុកផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតមិនធ្លាប់មាន» ប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់អ៉ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់បានច្រានចោលការគំរាមនេះ និងបានប្តេជ្ញាបិទការនាំចេញប្រេងទាំងអស់ពីតំបន់ឈូងសមុទ្រ ប្រសិនបើសង្គ្រាមសេដ្ឋកិច្ចនៅតែបន្ត ព្រមទាំងបានចេញការព្រមានថ្មីដល់នាវាដឹកទំនិញកុំឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាតនោះឡើយ៕




