កងកម្លាំងថែរក្សាសន្តិភាព UN ចំនួន ២នាក់ស្លាប់ ក្នុងការវាយឆ្មក់មួយនៅប្រទេសស៊ូដង់ខាងត្បូង (Video inside)

24-08-2026 22:36

(ណៃរ៉ូប៊ី)៖ បេសកកម្មរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងថែរក្សាសន្តិភាពរបស់ UN ចំនួន ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយ ខណៈពេលកំពុងចុះល្បាតនៅក្នុងរដ្ឋ Jonglei នៃប្រទេសស៊ូដង់ខាងត្បូង នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមបេសកកម្មអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ខាងត្បូង (UNMISS) មនុស្ស ៧នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលក្រុមកាំភ្លើងប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារលើក្បួនល្បាត ខណៈកំពុងធ្វើដំណើរទៅកាន់ទីប្រជុំជន Pajut។ ក្នុងចំណោមអ្នករងរបួស រួមមានកងកម្លាំងមួកខៀវ ៣នាក់, មន្ត្រីនគរបាលជាតិស៊ូដង់ខាងត្បូង ២នាក់ និងបុគ្គលិកស៊ីវិល ២នាក់។ ភ្លាមៗនោះ UNMISS បានដាក់ពង្រាយកងកម្លាំងប្រតិកម្មរហ័ស ដើម្បីធានាសន្តិសុខនៅក្នុងតំបន់ និងគាំទ្រដល់ការសង្គ្រោះបន្ទាន់។

ប្រធានបេសកកម្ម UNMISS លោកស្រី Anita Kiki Gbeho បានគូសបញ្ជាក់ដូច្នេះថា «អំពើហិង្សាដ៏សាហាវបែបនេះដែលកំណត់គោលដៅលើបុគ្គលិក UNMISS ដែលកំពុងបម្រើការដើម្បីគាំទ្រសន្តិភាពនៅស៊ូដង់ខាងត្បូង គឺជារឿងមិនអាចទទួលយកបានឡើយ»។ បេសកកម្ម UN បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងបានព្រមានថា ការវាយប្រហារលើកងកម្លាំងថែរក្សាសន្តិភាព UN អាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាមនៅក្រោមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា ការវាយប្រហារលើបុគ្គលិក UN គឺកម្រកើតមានណាស់ ប៉ុន្តែមិនមែនមិនធ្លាប់កើតឡើងនោះឡើយនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ជាទីដែលកងកម្លាំង UNMISS ត្រូវបំពេញបេសកកម្មនៅក្នុងតំបន់មិនស្ថិតស្ថេរ ដែលរងគ្រោះដោយសារជម្លោះសហគមន៍ ចលនាប្រដាប់អាវុធខុសច្បាប់ និងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងរដ្ឋាភិបាល៕