ក្រុមហ៊ូទីយេម៉ែន ប្រកាសពីការវាយប្រហារលើនាវាមួយគ្រឿង នៅក្បែរកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអូឌីត

24-08-2026 23:33

(គែរ)៖ ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់ បានអះអាងថា ខ្លួនបានបើកការវាយប្រហារលើនាវាមួយគ្រឿង នៅក្បែរទីក្រុងកំពង់ផែ Yanbu របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងសមុទ្រក្រហម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Saree បានបញ្ជាក់ពីការវាយប្រហារនេះ។ ក្រោយមក ក្រុមហ៊ុនដឹកជញ្ជូនជាតិរបស់អារ៉ាប៊ីសាអូឌីត Bahri បានឱ្យដឹងថានាវាដឹកទំនិញមួយគ្រឿងរបស់ខ្លួនឈ្មោះ «Amzan» បានជាប់ពាក់ព័ន្ធនឹងឧប្បត្តិហេតុដែនសមុទ្រនៅសមុទ្រក្រហម ប៉ុន្តែក្រុមនាវិកទាំងអស់មានសុវត្ថិភាព ហើយមិនមានអ្នករងរបួសនោះឡើយ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ព្រីតថេន (UKMTO) បានឱ្យដឹងថានាវាដឹកប្រេងមួយគ្រឿងត្រូវបានរងការវាយប្រហារដោយកាំជ្រួច ឬមីស៊ីលមិនស្គាល់អត្តសញ្ញាណ នៅចម្ងាយប្រមាណ ១១៧ គីឡូម៉ែត្រ (៦៣ ម៉ាយល៍សមុទ្រ) នៅភាគខាងលិចនៃទីក្រុង Yanbu ដោយក្រុមនាវិកទាំងអស់មានសុវត្ថិភាព និងពុំមានការប៉ះពាល់ដល់បរិស្ថាននោះទេ។

គួរបញ្ជាក់ថា ទីក្រុង Yanbu គឺជាកំពង់ផែប្រេងដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម ដែលជាផ្លូវយុទ្ធសាស្ត្រជំនួសច្រកសមុទ្រ Hormuz ដែលត្រូវបានអ៉ីរ៉ង់បិទខ្ទប់។ ក្រុមហ៊ូទីបានបង្កើនការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធប្រេង និងនាវាដឹកជញ្ជូនរបស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីក្រុមនេះបានប្រកាសបិទខ្ទប់នាវាដែលជាប់ពាក់ព័ន្ធនឹងអារ៉ាប៊ីសាអូឌីតនៅក្នុងសមុទ្រក្រហមកាលពីខែមុន៕