ក្រុមហ៊ុនវេជ្ជសាស្រ្តអាមេរិក Moderna និង Merck ប្រកាសពីលទ្ធផលល្អប្រសើរ នៃការធ្វើតេស្តវ៉ាក់សាំងប្រភេទថ្មីមួយ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺមហារីក (Video inside)

25-08-2026 14:03

(វ៉ាស៉ីនតោន)៖ នាពេលថ្មីៗនេះ ក្រុមហ៊ុនវេជ្ជសាស្រ្តរបស់សហរដ្ឋអាមេរិក Moderna និង Merck បានរាយការណ៍ពី​ការសម្រេចបានលទ្ធផលជោគជ័យ ក្នុងកិច្ចប្រឹងប្រែងធ្វើតេស្តវ៉ាក់សាំងប្រភេទថ្មីមួយ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺមហារីកដ៏កាចសាហាវ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Newsweek។

វ៉ាក់សាំងដែលមានឈ្មោះថា intismeran autogene គឺមានលក្ខណៈខុសពីវ៉ាក់សាំងទូទៅ។ ជំនួសឱ្យការទប់ស្កាត់បង្ការជំងឺមហារីកតែម្តង វាត្រូវបានរចនាឡើង ដើម្បីជួយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ឱ្យវាយប្រហារកោសិកាមហារីក បន្ទាប់ពីដុំសាច់ត្រូវបានវះកាត់យកចេញ។ ម៉្យាងវិញទៀត វ៉ាក់សាំងនេះរចនាឡើង សម្រាប់អ្នកជំងឺម្នាក់ៗជាពិសេស តាមរយៈការវិភាគលើការប្រែប្រួលនៃលំដាប់ហ្សែន ឬ DNA នៅក្នុងដុំសាច់របស់អ្នកជំងឺនីមួយៗដាច់ដោយឡែកពីគ្នា ពោលគឺមិនមែនវ៉ាក់សាំងដូចគ្នាតែមួយ ប្រើលើអ្នកជំងឺទាំងអស់នោះទេ។ វ៉ាក់សាំងនេះ ផ្អែកលើបច្ចេកវិទ្យា mRNA ហើយត្រូវចាក់រួមគ្នា ជាមួយនឹងវ៉ាក់សាំងមហារីក Keytruda របស់ក្រុមហ៊ុន Merck។

បើតាមក្រុមហ៊ុន Moderna និង Merck ការសាកល្បងព្យាបាលដំណាក់កាលទី៣ ក្នុងចំណោមអ្នកជំងឺមហារីកស្បែក ដែលមានហានិភ័យខ្ពស់ និងត្រូវបានវះយកដុំសាច់មហារីកចេញ វិធីព្យាបាលខាងលើ សម្រេចបានគោលដៅសំខាន់របស់ខ្លួន នោះគឺអ្នកជំងឺដែលបានទទួលការព្យាបាលនេះហើយ មិនកើតជំងឺមហារីកឡើងវិញឡើយ សម្រាប់រយៈពេលយូរជាងធម្មតា។ លើសពីនេះ ជំងឺមហារីកក៏ត្រូវបានរារាំងមិនឱ្យរាលដាល ទៅដល់ផ្នែកដទៃទៀតនៃរាងកាយ សម្រាប់រយៈពេលយូរជាងធម្មតា ផងដែរ។

ក្រុមហ៊ុនទាំងពីរ បានបញ្ជាក់ថា នេះគឺជាលទ្ធផលវិជ្ជមាននៃការធ្វើតេស្តដំណាក់កាលទី៣ដំបូងគេបង្អស់ សម្រាប់វ៉ាក់សាំងប្រភេទ neoantigen និងផ្តោតជាពិសេស សម្រាប់អ្នកជំងឺម្នាក់ៗដាច់ដោយឡែកពីគ្នា ហើយផ្អែកលើបច្ចេកវិទ្យា mRNA។ ទោះជាយ៉ាងណាក៏ដោយ វ៉ាក់សាំងនេះ កំពុងស្ថិតក្នុងការពិសោធធ្វើតេស្តនៅឡើយ ហើយរហូតមកដល់ពេលនេះ បានបង្ហាញលទ្ធផលវិជ្ជមានដំណាក់កាលទី៣ តែចំពោះជំងឺមហារីកស្បែកប៉ុណ្ណោះ។ អ្នកស្រាវជ្រាវ កំពុងតែបន្តសិក្សាពីប្រសិទ្ធភាពរបស់វា ក្នុងការប្រយុទ្ធប្រឆាំងជំងឺមហារីកផ្សេងទៀត រួមមានមហារីកសួត មហារីកប្លោកនោម និងមហារីកតម្រងនោម ជាដើម៕