សហរដ្ឋអាមេរិក ស្នើពង្រីកទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ លើប្រទេសទាំងមូល
25-08-2026 14:26
(យូអិន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UN) ពង្រីកទណ្ឌកម្មនិងបម្រាមលក់សព្វាវុធលើតំបន់ Darfur របស់ស៊ូដង់ ឱ្យគ្របដណ្តប់លើប្រទេសស៊ូដង់ទាំងមូល ក្រោមការព្រួយបារម្ភថា សង្រ្គាមស៉ីវិលដ៏អាក្រក់នៅក្នុងប្រទេសអាហ្រ្វិកមួយនេះ ប្រឈមនឹងការរីករាលដាលទូទាំងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទណ្ឌកម្មអាវុធនៅ Darfur ដែលបានអនុវត្តអស់រយៈពេលជាង២ទសវត្សរ៍ នឹងត្រូវផុតកំណត់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ប្រសិនបើគ្មានកិច្ចព្រមព្រៀងថ្មីណាមួយ ត្រូវសម្រេចបានទេនោះ។ ការពង្រីកបម្រាមទៅទូទាំងប្រទេសស៊ូដង់ នឹងតម្រូវឱ្យមានការបោះឆ្នោតពីក្រុមប្រឹក្សាសន្តិសុខ UN ខណៈរុស្ស៊ីដែលជាសមាជិកអចិន្រ្តៃយ៍មានសិទ្ធិវេតូ បានព្រមានកាលពីថ្ងៃចន្ទប្រឆាំងនឹងវិធានការថ្មីៗ ដែលនឹងប៉ះពាល់ដល់កងទ័ពស៊ូដង់។
បេសកជនអាមេរិកប្រចាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN លោក Massad Boulos បានអំពាវនាវឱ្យក្រុមប្រឹក្សា អនុវត្តជំហានដើម្បីកាត់បន្ថយការគាំទ្រពីខាងក្រៅ ចំពោះសង្រ្គាមដែលប្រឈមនឹងការអូសទាញតួអង្គក្នុងតំបន់ ក៏ដូចជាប្រទេសជិតខាង ឱ្យចូលពាក់ព័ន្ធកាន់តែជ្រៅក្នុងជម្លោះនេះ។ លោក Boulos បានលើកឡើងយ៉ាងដូច្នេះថា «នេះហើយជាមូលហេតុដែលសហរដ្ឋអាមេរិក បានដាក់ចេញដំណោះស្រាយដ៏រឹងមាំមួយ ដែលផ្តល់នូវចំណុចសំខាន់ៗចំនួន៤ ដោយចាប់ផ្តើមពីការពង្រីកទណ្ឌកម្មនិងបម្រាមលក់អាវុធ លើទូទាំងទឹកដីនៃប្រទេសស៊ូដង់»។ វិធានការនេះក៏នឹងនាំយន្តហោះដ្រូន មកដាក់ក្រោមវិធានការរឹតបន្តឹងអាវុធ ហើយបង្កើនចំនួនអ្នកជំនាញត្រួតពិនិត្យការអនុវត្តបម្រាម ដែលមានស្រាប់ផងដែរ។
គួរបញ្ជាក់ថា សង្គ្រាមដែលឥឡូវនេះអូសបន្លាយដល់ឆ្នាំទី៤ហើយនោះ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្ខំឱ្យរាប់លាននាក់ ត្រូវផ្លាស់ទីលំនៅ ខណៈដែលអាវុធទំនើបៗកាន់តែច្រើន រួមទាំងយន្តហោះដ្រូនបំពាក់អាវុធ ត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិ បណ្តាលឱ្យមានការបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល។ កងទ័ពស៊ូដង់ បាននិងកំពុងកាន់កាប់តំបន់ភាគកណ្តាល និងខាងកើតនៃប្រទេស ខណៈតំបន់ Darfur នៅភាគខាងលិច និងផ្នែកខ្លះនៃភាគខាងត្បូង ស្ថិតក្រោមការគ្រប់គ្រង របស់កម្លាំងទាហានប៉ារ៉ា RSF ដែលជាគូប្រជែង៕








