កាណាដានិងអាមេរិក ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ធ្លាក់ចូលក្នុងសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹង
25-08-2026 15:04
(អូតាវ៉ា)៖ កាណាដាបានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ខ្លួននឹងប្រកាសពីចំណាត់ការឆ្លើយតប ចំពោះវិធានការពន្ធគយថ្មីៗរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខណៈប្រទេសជិតខាងទាំងពីរ ដែលធ្លាប់តែជាសម្ព័ន្ធមិត្តជិតស្និទ្ធ កំពុងធ្លាក់ចូលទៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលកាន់តែតានតឹងឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលកាណាដា បាននិយាយកាលពីយប់ថ្ងៃចន្ទថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឧស្សាហកម្ម ការងារ និងមន្ត្រីដទៃទៀត នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅទីក្រុងអូតាវ៉ា ដើម្បីលម្អិតពីការឆ្លើយតបរបស់កាណាដា ចំពោះការដំឡើងពន្ធថ្មីៗពីសំណាក់អាមេរិក។
កាលពីថ្ងៃសុក្រសប្តាហ៍មុន កាណាដានិងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់ពន្ធគយថ្មី ៥០ភាគរយរបស់អាមេរិក លើទំនិញកាណាដានានា ដែលត្រូវបានកំណត់គោលដៅ បន្ទាប់ពីកិច្ចប្រឹងប្រែងចរចាជាច្រើនសប្តាហ៍។ វិធានការពន្ធនោះ បានចូលជាធរមានកាលពីថ្ងៃសៅរ៍ ហើយទីក្រុងអូតាវ៉ា ក៏បានដាក់ចេញផែនការសម្រាប់ការសងសឹកវិញផងដែរ។
បន្ទាប់ពីបដិសេធនូវអ្វីដែលលោកហៅថា «កិច្ចព្រមព្រៀងមិនល្អ» នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសពន្ធគយសងសឹក ដែលត្រូវចូលជាធរមានចាប់ពីថ្ងៃទី៨ ខែកញ្ញា។ លោកបានថ្លែងថា ពន្ធនេះនឹងកំណត់គោលដៅ លើឧស្សាហកម្មដែកថែប និងផលិតផលទឹកដោះគោរបស់សហរដ្ឋអាមេរិក ហើយក៏គ្របដណ្តប់លើវិស័យដូចជា ឧបករណ៍កសិកម្ម ក្រដាស និងគ្រឿងអេឡិចត្រូនិចផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក ត្រាំ ប្រកាសគ្រោងដំឡើងពន្ធលើរថយន្តកាណាដាទ្វេដង ចាប់ពីឆ្នាំក្រោយ ដល់៥០ភាគរយ ថែមទៀតផង។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កាណាដា ដោយការនាំចេញរបស់កាណាដា ទៅកាន់ប្រទេសជិតខាងរបស់ខ្លួនមួយនេះ តំណាងឱ្យ៧០ភាគរយនៃចំនួនសរុប។ រីឯកាណាដាវិញ គឺជាដៃគូពាណិជ្ជកម្មទំនិញដ៏ធំបំផុតទីពីរ របស់សហរដ្ឋអាមេរិក នៅឆ្នាំនេះ បន្ទាប់ពីម៉ិកស៊ិក៕





