កូរ៉េខាងត្បូងនិងអាមេរិក ប្តេជ្ញាបន្តសហការគ្នាយ៉ាងជិតស្និទ្ធលើបញ្ហាកូរ៉េខាងជើង (Video inside)
25-08-2026 15:20
(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានជជែកគ្នាតាមទូរសព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយទីក្រុងសេអ៊ូល បាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងរក្សាការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។
ក្រសួងការបរទេសអាមេរិក បានចេញត្រឹមសេចក្តីថ្លែងការណ៍ខ្លីមួយ អំពីកិច្ចសន្ទនាតាមទូរសន្ទខាងលើ ដែលកើតឡើងចំពេលមានភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានប្រកាសកាត់បន្ថយសមយុទ្ធយោធារួមរវាងអាមេរិក និងកូរ៉េខាងត្បូង និងថែមទាំងបានសរសើរកូរ៉េខាងជើង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ ហើយទន្ទឹមគ្នានោះ បានរិះគន់ទីក្រុងសេអ៊ូលថា មិនបានជួយកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការព្យាយាមធ្វើឱ្យអ៉ីរ៉ង់ បោះបង់កម្មវិធីនុយក្លេអ៊ែរនោះទេ។
ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Rubio និងលោក Cho បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើននៅក្នុងសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង។ ក្រសួងបានបន្ថែមថា រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីភាពចាំបាច់ឱ្យប្រទេសទាំងពីរ រក្សាការធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធ លើបញ្ហាដែលមានសារៈសំខាន់ចំពោះសម្ព័ន្ធភាព។
Yonhap បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង អំពីកិច្ចពិភាក្សានេះ មិនបានប្រាប់ថា តើរដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តជាប្រចាំរបស់អាមេរិកនិងកូរ៉េខាងត្បូង ចំពោះកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬយ៉ាងណានោះទេ ទោះបីអ្នកទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ក៏ដោយ។
Yonhap បានដកស្រង់សម្តីលោក Cho ថា ទីក្រុងសេអ៊ូលនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយធានាថា ការបង្ហាញសារថ្មីៗនេះរបស់លោក ត្រាំ ទៅកាន់កូរ៉េខាងជើង នឹងនាំឱ្យមានការចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ព្រមទាំងនាំមកនូវសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។
ការបង្ហាញកាយវិការវិជ្ជមានរបស់លោក ត្រាំ ទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន រួមជាមួយការរិះគន់របស់លោកចំពោះទីក្រុងសេអ៊ូល បានធ្វើឱ្យអ្នកវិភាគមានការព្រួយបារម្ភថា ភាពមិនអាចទាយទុកមុនបាន របស់លោកប្រធានាធិបតីអាមេរិក អាចបង្កឱ្យសម្ព័ន្ធភាពដែលបានជួយរក្សាសន្តិភាពនៅអាស៊ី អស់រយៈពេលជាយូរមកហើយ ជួបការបែកបាក់។
គួរបញ្ជាក់ថា បើតាមការយល់ឃើញរបស់លោក Cho កាលពីសប្តាហ៍មុន ការសម្រេចចិត្តរបស់លោក ត្រាំ ឱ្យកាត់បន្ថយសមយុទ្ធយោធារួម ហាក់ដូចជាមានគោលបំណងមួយផ្នែក គឺដើម្បីដាក់សម្ពាធលើទីក្រុងសេអ៊ូល ឱ្យគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងសង្គ្រាមជាមួយអ៉ីរ៉ង់ ព្រមទាំងពាក់ព័ន្ធបញ្ហាដែលមិនទាន់ដោះស្រាយផ្សេងទៀត ដូចជាការវិនិយោគ។ លោក Cho បាននិយាយថា ប្រភពនៃភាពតានតឹងមួយ គឺអាចជាការប្តេជ្ញារបស់កូរ៉េខាងត្បូង ក្នុងការវិនិយោគទំហំ ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៥៕




