មនុស្ស២០នាក់ស្លាប់ ក្នុងឧប្បត្តិហេតុសរុបចំនួន៦៨ ដែលបានកើតឡើងក្បែរច្រកសមុទ្រ Hormuz អំឡុងសង្រ្គាមមជ្ឈិមបូព៌ារយៈពេល៦ខែ
25-08-2026 15:54
(ឡុងដ៍)៖ ច្រកសមុទ្រ Hormuz បានក្លាយជាចំណុចផ្តោតដ៏ចម្បងបំផុត នៃសង្គ្រាមរយៈពេល៦ខែមកនេះរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក-អ៉ីស្រាអែល ដោយនាវាពាណិជ្ជកម្មជាច្រើន ត្រូវបានវាយប្រហារនៅតំបន់ច្រកផ្លូវទឹកដ៏សំខាន់ សម្រាប់លំហូរដឹកជញ្ជូនប្រេងនិងឧស្ម័នមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។
ជាសរុបមានឧប្បត្តិហេតុចំនួន៦៨ករណី ត្រូវនអង្គការនាវាចរណ៍អន្តរជាតិ (IMO) បញ្ជាក់ថា បានកើតឡើងនៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ ក៏ដូចជាដែនទឹកក្បែរខាងនោះ ដែលស្មើនឹងប្រហែល ១ករណី កើតឡើងរៀងរាល់ ២,៦ថ្ងៃ។ យោងតាមទីភ្នាក់ងារដែនសមុទ្ររបស់ UN មួយនេះ ក្នុងឧប្បត្តិហេតុទាំងប៉ុន្មាននោះ មានបុគ្គលិកធ្វើការនៅលើនាវា ឬកម្មករកំពង់ផែ សរុបយ៉ាងហោចចំនួន២០នាក់បានស្លាប់ ៣៥នាក់រងរបួស និងម្នាក់បាត់ខ្លួន។
ប្រហែលពាក់កណ្តាលនៃឧប្បត្តិហេតុទាំងនេះ ពាក់ព័ន្ធនឹងនាវាដឹកប្រេង, ២០ភាគរយ ពាក់ព័ន្ធនឹងនាវាដឹកកុងតឺន័រ និង ១៥ភាគរយ ពាក់ព័ន្ធនឹងនាវាដឹកទំនិញប្រភេទ bulk carrier។ ទីភ្នាក់ងារតាមដានប្រតិបត្តិការពាណិជ្ជកម្មតាមផ្លូវសមុទ្ររបស់ព្រីតថេន UKMTO បានចាត់ថ្នាក់ឧប្បត្តិហេតុចំនួន៤៧ករណី ថាជាការវាយប្រហារ។
ក្នុងចំណោមនោះ នាវាដែលមានទង់ជាតិលីបេរីយ៉ា បានរងផលប៉ះពាល់ច្រើនជាងគេ ដោយពាក់ព័ន្ធនឹងឧប្បត្តិហេតុចំនួន ១៣ករណី បន្ទាប់មកគឺនាវាដែលមានទង់ជាតិប៉ាណាម៉ា និងប្រទេសដីកោះ Marshall ដែលមានចំនួន ១០ករណីដូចគ្នា។ ចំណែកនាវាដែលដោតទង់ជាតិអ៉ីរ៉ង់ ត្រូវបានរាយការណ៍ថា ពាក់ព័ន្ធនឹងឧប្បត្តិហេតុចំនួន៤ករណី។
អត្រានៃការកើតមានឧប្បត្តិហេតុ គឺបានកើនឡើងនិងថយចុះ ទៅតាមដំណាក់កាលផ្សេងៗគ្នានៃសង្គ្រាម។ គិតចាប់ពីផ្ទុះសង្គ្រាម កាលពីចុងខែកុម្ភៈ រហូតដល់មានកិច្ចព្រមព្រៀងមួយ ដែលបង្កើតក្របខណ្ឌសម្រាប់កិច្ចចរចាសន្តិភាព នៅពាក់កណ្តាលខែមិថុនា ឧប្បត្តិហេតុនាវាពាណិជ្ជកម្ម ត្រូវបានរាយការណ៍ជាមធ្យម ១ករណីរៀងរាល់ ២,៣ថ្ងៃ។
ឧប្បត្តិហេតុក្នុងអំឡុងពេលនោះ បានបណ្តាលឱ្យមានអ្នកស្លាប់ ១៦នាក់ និងរងរបួស១៩នាក់ ហើយករណីទាំងនោះ កើតឡើងនៅពេសពេញតំបន់ឈូងសមុទ្រអារ៉ាប់ គឺទាំងនៅប៉ែកខាងកើត និងខាងលិចនៃច្រក Hormuz ព្រមទាំងនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសអ៉ីរ៉ាក់ អ៉ីរ៉ង់ កាតា អារ៉ាប៊ីសាអូឌីត អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម។
នៅពេលកិច្ចចរចាសន្តិភាពកំពុងបន្ត រហូតដល់ថ្ងៃទី៧ ខែកក្កដា អត្រានៃឧប្បត្តិហេតុ បានថយចុះពាក់កណ្តាល មកនៅត្រឹមជាមធ្យម ១ករណីរៀងរាល់ ៤,៦ថ្ងៃ។ ក្នុងអំឡុងពេលនោះ មិនមាននាវិកឬកម្មករដទៃទៀត ត្រូវបានរាយការណ៍ថា ស្លាប់ បាត់ខ្លួន ឬរងរបួសទេ។
ក្នុងចំណោមឧប្បត្តិហេតុត្រឹម៥ករណី ដែលកើតមានក្នុងអំឡុងពេលនោះ គឺ៤ករណីបានកើតឡើងជាប់ៗគ្នានៅជិតឆ្នេរប្រទេសអូម៉ង់ ត្រង់ចំណុចផ្លូវមួយ ដែលអាជ្ញាធរអ៉ីរ៉ង់មិនបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់។ អ៉ីរ៉ង់ដែលចង់រក្សាការគ្រប់គ្រងលើច្រក Hormuz បន្ទាប់ពីសង្គ្រាម និងយកថ្លៃសេវាឆ្លងកាត់ បានព្រមាននាវានានាមិនឱ្យប្រើផ្លូវជំនួសមួយនោះទេ។
គួរបញ្ជាក់ថា ចាប់តាំងពីកិច្ចចរចាបានដួលរលំ អត្រានៃឧប្បត្តិហេតុបានកើនឡើងវិញ ស្ទើរតែដល់កម្រិតមុនពេលកិច្ចចរចា ដោយមានឧប្បត្តិហេតុកើតឡើងជាមធ្យម ១ករណីរៀងរាល់ ២,៨ថ្ងៃ។ ជាលទ្ធផល នាវិក៤នាក់បានស្លាប់ ១៦នាក់រងរបួស និងម្នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន៕








