ករណីលួចទ្រព្យសម្បត្តិពីសារមន្ទីរនៅអឺរ៉ុប ប្រែក្លាយជាអំពើហិង្សាកាន់តែខ្លាំង និងអាចជួលចោរលួចតាមអនឡាញបាន (Video inside)
25-08-2026 16:38
(ព្រុចសែល)៖ Europol ដែលជាទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ថាក្រុមចោរលួចស្នាដៃសិល្បៈនៅអឺរ៉ុប កំពុងបង្កើនសកម្មភាពប្លន់ដោយប្រើអំពើហិង្សា ផ្តោតគោលដៅលើមាស និងត្បូងមានតម្លៃ ហើយពួកជនអន្ធពាលខាងលួច ត្រូវបានជំនួសដោយក្រុមចោរដែលប្រមូលផ្តុំគ្នាតាមបណ្តាញសង្គម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Europol លើកឡើងថា ការលួចទ្រព្យសម្បត្តិនៅសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស កាលពីខែតុលា ឆ្នាំមុន គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយ ដោយសារក្រុមចោរបានគំរាមកំហែងដល់កងល្បាត និងអ្នកទស្សនា ព្រមទាំងបានលួចយកគ្រឿងអលង្ការតម្លៃ ៨៨លានអឺរ៉ូ ដូចជាមកុដរបស់អធិរាជិនី Eugenie ជាដើម។
នៅក្នុងរបាយការណ៍មួយ Europol ឱ្យដឹងទៀតថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ក្រុមចោរលួចស្នាដៃសិល្បៈហាក់ផ្តោតលើលោហៈមានតម្លៃ ត្បូង និងវត្ថុបុរាណវប្បធម៌ដែលអាចលក់បានថ្លៃជាងមុន។ ក្នុងរយៈពេលដូចគ្នានេះ តម្លៃមាសបានកើនឡើងក្នុងអត្រា ៨៥ភាគរយ ស្របពេលវិនិយោគិន និងធនាគារកណ្តាលនានា យល់ថាមាសជារបស់ដែលមានសុវត្ថិភាពសម្រាប់សន្សំទ្រព្យសម្បត្តិទុក។
Europol បញ្ជាក់ថា ជនល្មើសសម្រុកចូលទៅតាមទីតាំង និងទូដាក់តាំងបង្ហាញទំនិញ ដោយប្រើប្រាស់ឧបករណ៍នានាដូចជា ញញួរធំ ពូថៅ ដំបងដែកគាស់ និងក្នុងករណីខ្លះទៀត គឺប្រើប្រាស់គ្រឿងផ្ទុះ។ ចោរលួចសម័យមុនប្រើល្បិច និងលួចស្ងាត់ៗ ហើយមានមេខ្លោងនៅពីក្រោយ ប៉ុន្តែឥឡូវសកម្មភាពលួច ប្រព្រឹត្តឡើងដោយក្រុមគ្មានមេខ្លោង និងប្រមូលផ្តុំគ្នាជាបណ្តោះអាសន្ន ដើម្បីរកលុយ។ ក្រុមចោរទាំងនោះត្រូវបានជ្រើសរើស តាមរយៈបណ្តាញសង្គម ក្នុងទម្រង់ជាសេវាឧក្រិដ្ឋកម្ម (crime-as-a-service)។
Europol បន្ថែមថា លោហៈមានតម្លៃអាចរំលាយបានងាយ ដោយមិនបន្សល់ទុកដានឱ្យអាជ្ញាធរអនុវត្តច្បាប់ និងសម្រួលដល់ការលក់ទំនិញខុសច្បាប់។ ចំណែកឯត្បូងមានតម្លៃដែលបង្កប់ក្នុងគ្រឿងអលង្ការវិញ អាចដោះចេញ និងលក់បន្តបានស្រួល។
គួរបញ្ជាក់ថា សមាគមទីផ្សារមាស និងប្រាក់ទីក្រុងឡុងដ៍ ដែលជាស្ថាប័នត្រួតពិនិត្យមជ្ឈមណ្ឌលជួញដូរមាសក្រៅផ្សារហ៊ុន នៅទីក្រុងឡុងដ៍ ធ្លាប់ព្រមានថា ពេលដែលតម្លៃមាសហក់ឡើងដល់កម្រិតខ្ពស់បំផុត ការហូរចូលនៃមាសខុសច្បាប់ និងភាពមិនប្រក្រតីក្នុងទីផ្សារក៏កំពុងកើនឡើងដែរ៕






