បទវិភាគ​៖ «អ្នកលក់​កំពូល​ផុតលេខ» ក៏ជា «អ្នកទិញ​កំពូល​ផុតលេខ» ដែរ​៖ ចិន​ច្រាន​ចោល​ពាក្យ​សម្តី​ខុស​ទំនង​ស្តីពី «ការបង្ក​ជាសម្ពាធ» តាម​រយៈការ​ពិតជាក់​ស្តែង

25-08-2026 17:33

(ប៉េកាំង)៖ ក្នុងរយៈពេល​៧ខែដើម​ឆ្នាំនេះ ទំហំ​នាំចេញ-នាំចូល​ទំនិញរបស់ចិន​បានកើនឡើង​១៧,៣​ភាគ​រយ បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នាកាលពី​ឆ្នាំមុន ក្នុងនោះ ​ការនាំចូលបាន​កើន​ឡើង​២២ភាគរយ ហើយល្បឿន​កំណើន​បានលើសពី​ការនាំចេញ​ក្នុង​រយៈពេល៥​ខែ​ជាប់​ៗ​គ្នា​ ។ សព្វថ្ងៃនេះ ចិនមិន​ត្រឹមតែជា​ “អ្នកលក់​កំពូល​ផុតលេខ” លើ​ទូទាំង​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ជា “អ្នកទិញ​កំពូល​ផុតលេខ”​ ផងដែរ ។

តាំងពី​ចូល​ឆ្នាំនេះមក របាំង​ពាណិជ្ជកម្ម​សកលបាន​កើនឡើង ការប៉ះទង្គិចខាង​ភូមិសាស្ត្រ​នយោ​បាយ ​មានសភាព​កាន់តែធ្ងន់ធ្ងរ ហើយ​ខ្សែសង្វាក់​ឧស្សាហកម្ម​ និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភព​លោក​បានបន្ត​​រងសម្ពាធ ។ អង្គការមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​នា​ពេលថ្មី​ៗ​កន្លងទៅនេះថា កំណើន​ពាណិជ្ជកម្មសកល​នៅឆ្នាំ២០២៦​ នឹងបង្អង់​ល្បឿន​ពី៥ភាគរយ​នៅ​ឆ្នាំ២០២៥​មកនៅ​ត្រឹម​៣,៥ភាគរយ ។ ក្នុងបរិបទ​បែប​នេះ អ្នកនយោបាយ​និងប្រព័ន្ធ​​សារ​ព័ត៌មាន​លោកខាងលិច​មួយចំនួន​ បាន​ឃោសនា​បំប៉ោងពី​អ្វីដែល​​ហៅថា "ផល​ប៉ះ​ពា​ល់​ពី​ចិន២.០" និង "ពាក្យ​សម្តី​ស្តីពី​ការបង្ក​ជាសម្ពាធពីចិន​" ដោយ​អះអាងថា អតិរេក​ពាណិជ្ជ​កម្ម​របស់ចិន​កំពុងបង្កជា​ "ផលប៉ះពាល់" និង​ "សម្ពាធ" ដល់ទីផ្សារ​សកល ហើយថា​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្មកម្មន្តសាល​របស់ចិន​បានរំលោភ​បំពានទៅលើ​លំហអភិវឌ្ឍន៍ ​នៃ​ការ​ធ្វើ​​ឧស្សា​ហូបនីយកម្មរបស់​ប្រទេសសកល​ខាងត្បូង ។ ពាក្យសម្តី​ទាំងនេះ​ផ្ទុយនឹង​ក្រឹត្យក្រម​សេដ្ឋ​កិច្ច​និងការពិត​ជាមូលដ្ឋាន វា​ពោរពេញ​ទៅដោយ​ស្តង់ដារពីរនិង​ការព្រួយបារម្ភពី​អនុ​ត្តរ​ភាព ហើយ​រងការចោទជា​មន្ទិល​សង្ស័យ​​យ៉ាងទូលំទូលាយ​ពី​មតិ​អន្តរជាតិ ។

ការពិតគឺជា​ការឆ្លើយតប​ដ៏ល្អបំផុត​ចំពោះ​ការមួលបង្កាច់​និង​លាបពណ៌​ពី​លោកខាងលិច ។ ក្នុង​នាមជា"អ្នក​លក់កំពូលផុត​លេខ​" ចិនបានបន្ត​ផ្គត់ផ្គង់ផលិតផល​ដែលមាន​គុណ​ភាព​ខ្ពស់​ តម្លៃ​សមរម្យ​និងមាន​ស្ថិរភាពដល់​ពិភពលោក​ ។ ឧទាហរណ៍​ដូចជា បរិក្ខារ​គ្រឿងយន្ត​និង​គ្រឿង​បន្លាស់​ឧស្សាហកម្មរបស់ចិន​ បានជួយ​សហគ្រាសនៃ​ប្រទេសកំពុង​អភិវឌ្ឍន៍​ឱ្យ​កាត់​បន្ថយ​ចំណាយ​ថ្លៃ​ដើម និងពង្រីក​សមត្ថភាព​ផលិតកម្ម ។ ម៉ាស៊ីន​ត្រជាក់​របស់ចិន​បាន​នាំ​មកនូវ​ភាពត្រជាក់ ដល់​ប្រជាជនអឺរ៉ុប​ដែលកំពុងរង​ការ​វាយ​ប្រហារ​ពី​រលកកម្តៅ​ខ្លាំង​នា​ពេល​ថ្មីៗ​កន្លងទៅនេះ​ ។ រថយន្ត​ថាមពល​ថ្មីរបស់ចិន​ បានជួយ​អ្នកប្រើប្រាស់​បរទេស​សន្សំ​សំចៃ​ដើមទុន និងទទួល​បទពិសោធ​បើកបរ​​កាន់តែល្អប្រសើរ......

មិនតែប៉ុណ្ណោះ ចិនបាន​បន្តពង្រីក​ការបើកទូលាយ​ប្រកប​ដោយ​កម្រិតខ្ពស់​ចំពោះបរទេស និង​ពង្រឹងថែម​មួយ​កម្រិត​ទៀត​នូវ​​តួនាទីជា"អ្នកទិញ​កំពូល​ផុតលេខ" ដោយ​ធ្វើឱ្យ​ទីផ្សារធំ​របស់​ចិន​ក្លាយជា​ឱកាសធំ​របស់ពិភពលោក​។ បច្ចុប្បន្ននេះ ចិន​បាន​រក្សាឋានៈជា​ប្រទេស​នាំ​ចូល​ធំ​ទីពីរលើ​ពិភពលោក​ក្នុង​រយៈពេល១៧​ឆ្នាំជាប់ៗគ្នា ដែល​បាន​អនុវត្ត​គោល​នយោ​បាយ​ពន្ធគយសូន្យ​ចំពោះប្រទេស​ចំនួន៦៣ ។ ក្នុង​រយៈពេល៧ខែ​ដើមឆ្នាំនេះ ការនាំចូល​របស់​ចិន​ពីដៃគូ​ពាណិជ្ជកម្ម​ចំនួន​ជាង១៥០ បាន​សម្រេច​កំណើនវិជ្ជមាន ។ ​តាំងពី​ចូល​ឆ្នាំ​នេះ​មក សកម្មភាពមួយ​ចំនួន​​ "នាំចេញ​ទៅ​​ប្រទេសចិន"​ បានបើកធ្វើ​ជាង៤០លើក​ទាំង​ក្នុង​និង​ក្រៅ​ប្រទេសចិន ដែលបាន​ជួយពង្រីក​ឥទ្ធិពល​នៅប្រទេសចិននៃ​ផលិតផល ដែល​មាន​គុណ​ភាពល្អ​មក​ពី​ប្រទេសជិត១០០......

បច្ចុប្បន្ននេះ ការងើប​ឡើងវិញ​នៃសេដ្ឋកិច្ច​សកល​មានភាព​ទន់ខ្សោយ ហើយ​តម្រូវការ​កំពុង​ធ្លាក់​ចុះ ដូច្នេះ ​ទីផ្សារគឺជា​ធនធានដ៏​កម្របំផុត ។ ​ពីកសិផល​ដល់គ្រឿងបន្លាស់ ​ពី​គ្រឿង​អល​ង្ការ​ដល់​ឧបករណ៍​វេជ្ជសាស្ត្រ ចិន​បន្តពង្រីក​ការនាំចូល ដែល​មិនត្រឹមតែ​អាចបំពេញ​តម្រូវ​ការ​ខាង​ផលិតកម្ម​និងជីវភាព​រស់នៅ​របស់ប្រជាជន​ និងសហគ្រាស​ក្នុងស្រុក​ឱ្យ​កាន់​តែ​ល្អប្រសើរ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ក៏នាំមកនូវ​ការបញ្ជាទិញ ឱកាស​ការងារ និង​ភាគ​លាភ​អភិវឌ្ឍន៍​កាន់តែ​ច្រើន ដល់​ដៃគូពាណិជ្ជកម្ម​ផងដែរ ។

"អ្នកទិញ​កំពូល​ផុតលេខ+អ្នកលក់​កំពូល​ផុតលេខ" — ចិនមិន​ត្រឹមតែ​មានឆន្ទៈ​ធ្វើជា "រោង​ចក្រ​ពិភពលោក​" ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏មានឆន្ទៈ​ធ្វើជា"ទីផ្សារ​ពិភពលោក"​ផងដែរ ។ ​អ្វីដែល​ការ​អភិវឌ្ឍ​របស់ចិន​នាំមកដល់​ ពិភពលោក​មិនមែនជា"ផលប៉ះពាល់"នោះ​ទេ ប៉ុន្តែគឺ​ជា​ឱកា​ស​ មិន​មែនជា"កម្លាំង​សម្ពាធ"នោះ​ទេ ប៉ុន្តែគឺ​ជា​ការ​ផ្តល់កម្លាំង​ចលករ​ ។ នៅពេលដែល​ចិន​និង​ពិភពលោក​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅមក​កាន់តែជិតស្និទ្ធ ពាក្យ​សម្តី​ខុស​ទំនង​គ្រប់បែបយ៉ាង​ ដែល​ប្រព័ន្ធ​សារព័ត៌មាន​លោកខាងលិច​បានឃោសនា​បំប៉ោង​នោះ​ នឹង​ត្រូវ​លាត​ត្រដាង​និង​ច្រាន​ចោល​ដោយ​ឯកឯង ហើយ​អ្នកផងទាំងពួង​ក៏​មាន​ការយល់ដឹង​កាន់​តែស៊ីជម្រៅ​អំពីឱកាស​ចិនដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន