នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Abraham Lincoln នឹងចូលចតនៅប្រទេសថៃ នៅសប្តាហ៍ក្រោយ (Video inside)

25-08-2026 19:49

(បាងកក)៖ មន្ត្រីថៃម្នាក់បានឱ្យដឹងនៅថ្ងៃអង្គារនេះថា នាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក USS Abraham Lincoln នឹងចូលចតនៅប្រទេសថៃនៅសប្តាហ៍ក្រោយ បន្ទាប់ពីបានបំពេញបេសកកម្មយ៉ាងយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ស្របពេលមានសេចក្តីរាយការណ៍ពីក្តីបារម្ភលើបញ្ហាសុខភាពផ្លូវចិត្ត និងស្ថានភាពកាន់តែដុនដាបរបស់កងទ័ពនៅលើនាវា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាវា USS Abraham Lincoln ដែលផ្ទុកកងទ័ពជើងទឹក និងកងម៉ារីនប្រមាណ ៥,០០០នាក់ បានចាកចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍កន្លងទៅ។ យោងតាមសមាជិកសភាអាមេរិក នាវាយោធាមួយគ្រឿងនេះមិនបានចូលចតនៅកំពង់ផែណាមួយអស់រយៈពេលជាង ២០០ថ្ងៃមកហើយ ដែលនេះជាការបង្កើតកំណត់ត្រាសម័យទំនើបនៃការបំពេញភារកិច្ចនៅលើផ្ទៃសមុទ្រជាប់ៗគ្នា។ មន្ត្រីថៃដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថានាវាចម្បាំងនេះ នឹងចូលចតនៅប្រទេសថៃក្នុងគោលបំណង «សម្រាក និងលំហែកាយបន្ទាប់ពីការធ្វើដំណើរសមុទ្រដ៏វែងឆ្ងាយ»។

នាវា Lincoln បានចាកចេញពីកំពង់ផែមេ San Diego កាលពីខែវិច្ឆិកា ហើយក្រោយមកត្រូវបានបញ្ជូនទៅកាន់មជ្ឈិមបូព៌ា ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាអាមេរិកនៅក្នុងសង្គ្រាមជាមួយអ៉ីរ៉ង់។ ស្ថាប័នសារព័ត៌មានយោធា Navy Times និង Stars and Stripes បានរាយការណ៍ពីករណីប៉ុនប៉ងធ្វើអត្តឃាត និងការធ្លាក់ចុះស្មារតីរបស់កងទ័ពនៅលើនាវា ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានច្រានចោលដោយលើកឡើងថារបាយការណ៍ទាំងនោះគឺ «ខុសពីការពិតទាំងស្រុង»។

គួរបញ្ជាក់ថា ប្រទេសថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់សហរដ្ឋអាមេរិកនៅលើដីគោកនៃតំបន់អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ១៩៥៤ និងជាសម្ព័ន្ធមិត្តសំខាន់ក្រៅអង្គការណាតូ (Major Non-NATO Ally) តាំងពីឆ្នាំ២០០៣ ដោយកងទ័ពនៃប្រទេសទាំងពីរតែងតែរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា៕