សហរដ្ឋអាមេរិក ត្រៀមបញ្ជូនអ្នកការទូតត្រឡប់ទៅកាន់ស្ថានទូតនៅមជ្ឈិមបូព៌ាវិញ ក្រោយការជម្លៀសក្នុងអំឡុងសង្គ្រាមជាមួយអ៉ីរ៉ង់ (Video inside)

25-08-2026 21:09

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងរៀបចំផែនការបញ្ជូនមន្ត្រីការទូតត្រឡប់ទៅកាន់ស្ថានទូតរបស់ខ្លួននៅទូទាំងតំបន់មជ្ឈិមបូព៌ាវិញ ដែលត្រូវបានជម្លៀសចេញទាំងមុន និងអំឡុងពេលសង្គ្រាមជាមួយប្រទេសអ៉ីរ៉ង់។ នេះបើតាមការដកស្រង់សេចក្តីរាយការណ៍របស់កាសែត New York Times ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក ការវិលត្រឡប់របស់មន្ត្រីការទូត និងការកាត់បន្ថយវិធានការសង្គ្រោះបន្ទាន់នៅតាមស្ថានទូតអាមេរិកក្នុងតំបន់ អាចនឹងចាប់ផ្តើមយ៉ាងឆាប់បំផុតនៅសប្តាហ៍នេះ។ ស្ថានទូតដែលគ្រោងនឹងបង្កើនចំនួនបុគ្គលិកឡើងវិញ រួមមានស្ថានទូតប្រចាំនៅប្រទេសអ៉ីស្រាអែល លីបង់ អារ៉ាប៊ីសាអូឌីត កាតា ហ្ស៊កដានី អូម៉ង់ អ៉ីរ៉ាក់ និងគូវ៉ែត។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយកាសែត New York Times ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «ដោយផ្អែកលើការវាយតម្លៃចុងក្រោយបំផុតរបស់យើង យើងកំពុងកែសម្រួលស្ថានភាពបុគ្គលិកនៅតាមស្ថានទូតមួយចំនួននៅមជ្ឈិមបូព៌ា ដើម្បីធានាថាយើងអាចបន្តជំរុញគោលដៅគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ស្របពេលដែលនៅតែការពារសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិកយើង»។

បើតាមឯកសារដដែល ក្រុមអ្នកការទូតដំបូងនឹងត្រូវបញ្ជូនទៅកាន់ស្ថានទូតអាមេរិកប្រចាំប្រទេសលីបង់ ប៉ុន្តែចំនួនបុគ្គលិកនៅទីនោះនឹងនៅក្រោមកម្រិតពេញលេញនៅឡើយ។ បន្ទាប់មក បុគ្គលិកការទូតនឹងវិលត្រឡប់ទៅបំពេញការងារពេញលេញ ១០០% នៅស្ថានទូតប្រចាំប្រទេសអ៉ីស្រាអែល ហ្ស៊កដានី និងអូម៉ង់ ខណៈស្ថានទូតនៅអេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា និងលីបង់ នឹងត្រូវកំណត់ត្រឹម ៨៥% រីឯនៅអ៉ីរ៉ាក់ គូវ៉ែត និងបារ៉ែន នឹងត្រូវកំណត់ត្រឹម ៧៥% នៃចំនួនបុគ្គលិកសរុប។

គួរបញ្ជាក់ថា ការកាត់បន្ថយ និងជម្លៀសបុគ្គលិកការទូតអាមេរិកបានចាប់ផ្តើមតាំងពីខែកុម្ភៈមកម្ល៉េះ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យបុគ្គលិកមិនបន្ទាន់ និងក្រុមគ្រួសារចាកចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែការកើនឡើងនៃភាពតានតឹង និងការផ្ទុះសង្គ្រាមជាមួយអ៉ីរ៉ង់៕