នាយកចារកម្មអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបក្រុមមន្ត្រីរុស្ស៉ី (Video inside)

26-08-2026 09:28

(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA​ លោក John Ratcliffe បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីរុស្ស៉ី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចរបស់លោក​ John Ratcliffe អាចនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រមុខចារកម្មអាមេរិកម្នាក់ទៅកាន់រដ្ឋធានីរុស្ស៉ី បន្ទាប់ពីអតីតនាយក CIA លោក William Burns បានបើកកិច្ចប្រជុំជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ៣ខែក្រោយបន្ទាប់ពីកិច្ចប្រជុំនេះ លោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក CBS News និង Axios បានរាយការណ៍ពីដំណើរទស្សនកិច្ចរបស់លោក Ratcliffe ទៅកាន់ទីក្រុងមូស្គូ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែប្រព័ន្ធផ្សាយអាមេរិកទាំង២នេះមិនបានបង្ហើបឱ្យដឹងថាតើលោក Ratcliffe ត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយមន្ត្រីរុស្ស៉ីរូបណា ហើយត្រូវពិភាក្សាលើប្រធានបទអ្វី នោះទេ ខណៈ CIA បដិសេធធ្វើការអត្ថាធិប្បាយ។ ចំណែក វិមានក្រឹមឡាំងមិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ សហរដ្ឋអាមេរិកព្រមានបណ្ដាប្រទេសទាំងឡាយឱ្យកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ បើពុំដូច្នោះទេពួកគេអាចនឹងប្រឈមមុខជាប់ទណ្ឌកម្ម បន្ទាប់បន្សំរបស់សហរដ្ឋអាមេរិក ជាចំណាត់ការមួយដើម្បីបង្កើនការដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ទទួលយកលក្ខខណ្ឌបញ្ចប់សង្រ្គាមដែលលោក ត្រាំខ្លួនឯងជាអ្នកបង្កឡើងកាលពីខែកុម្ភៈ។ រុស្ស៉ីគឺជា សម្ព័ន្ធមិត្តដ៏ជិតសិ្នទ្ធមួយរបស់អ៉ីរ៉ង់ទាំងក្នុងទំនាក់ទំនងយោធា សេដ្ឋកិច្ច និងការទូត៕