កងអង្គរក្សប្រធានាធិបតីអាមេរិក កំពុងស៊ើបអង្កេតលើវីដេអូអ៉ីរ៉ង់ដែលគំរាមសម្លាប់កូនប្រុសរបស់លោក ត្រាំ (Video inside)
26-08-2026 09:47
(វ៉ាស៊ីនតោន)៖ កងអង្គរក្សប្រធានាធិបតីអាមេរិក ឬ U.S. Secret Service បានទទួលដំណឹងអំពីវីដេអូផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ជុំវិញការគំរាមតាមសម្លាប់កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ Secret Service ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Nate Herring អ្នកនាំពាក្យ Secret Service បានប្រាប់ Reuters តាមរយៈ email កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ថា « U.S. Secret Service បានដឹងអំពីវីដេអូនោះ និងកំពុងបើកការស៊ើបអង្កេតថាតើមានអ្វីដែលអាចកំណត់បានជាការគំរាមកំហែងពិតប្រាកដចំពោះអ្នកស្ថិតក្រោមការការពាររបស់យើងឬក៏យ៉ាងណា?»។ លោកបន្ថែមថាដោយសារតែជាបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ Secret Service មិនអាចបញ្ជាក់អ្វីលម្អិតនោះទេ។
គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ក្នុងសប្ដាហ៍នេះបានចេញផ្សាយវីដេអូមួយជាមួយការប្រកាសផ្ដល់រង្វាន់ ១០លានដុល្លារ សម្រាប់នរណាដែលអាចសម្លាប់កូនប្រុសរបស់លោក ត្រាំ មានឈ្មោះថា Barron Trump មានអាយុ ២០ឆ្នាំ។ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅតែបន្តបោះពាក្យសម្ដីគំរាមដាក់គ្នាទៅវិញទៅមក អំឡុងសង្រ្គាមអូសបន្លាយពេលជិត ៦ខែមកនេះដែលផ្ទុះឡើងដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីខែកុម្ភៈកន្លងទៅ។ Reuters កាលពីដើមខែសីហានេះ បានរាយការណ៍ថាសហរដ្ឋអាមេរិកបានទទួលការព្រមានជាច្រើនពីអ៉ីស្រាអែលថាអ៉ីរ៉ង់មានគម្រោងធ្វើឃាតលោក ដូណាល់ ត្រាំ៕





