លោក ត្រាំ បញ្ជូនកិច្ចព្រមព្រៀងនុយក្លេអ៊ែរទៅឱ្យសភាអាមេរិក តែផ្ដាំអារ៉ាប៊ីសាអូឌីតឱ្យទទួលស្គាល់អ៉ីស្រាអែលជាមុនសិន (Video inside)

26-08-2026 10:31

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូនសំណើកិច្ចព្រមព្រៀងជាមួយអារ៉ាប៊ីសាអូឌីតស្ដីពីថាមពលនុយក្លេអ៊ែរស៊ីវិលទៅឱ្យសភាអាមេរិកហើយ តែទទូចដដែលថាកិច្ចព្រមព្រៀងនេះអាចចូលជាធរមានទៅបាន លុះត្រាតែទីក្រុងរីយ៉ាដភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Re

uters នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

មន្ត្រីខាងលើដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានឈានដល់កាលពីខែកក្កដាកន្លងទៅ និងដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកផ្ទេរបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលទៅឱ្យអារ៉ាប៊ីសាអូឌីត ត្រូវបានបញ្ជូនទៅកាន់សភាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ប៉ុន្តែភ្លាមៗ ខាងស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយអ្វីទេទៅនឹងការសាកសួរពី Reuters។

ម្យ៉ាងវិញទៀត វាក៏មិនទាន់ច្បាស់នោះដែរថាតើលោក ត្រាំ រំពឹងថាការបញ្ជូនកិច្ចព្រមព្រៀងនុយក្លេអ៊ែរទៅកាន់សភាអាមេរិកដែលមានពេល ៩០ថ្ងៃ ដើម្បីធ្វើការពិចារណា នឹងជំរុញគោលដៅរបស់លោកដោយរបៀបណានោះទេ? នៅក្នុងសារ email មួយ មន្ត្រីអាមេរិកខាងលើ បានគូសបញ្ជាក់ថា «គោលជំហររបស់លោកប្រធានាធិបតី ត្រាំ មិនមានការផ្លាស់ប្ដូរទេ ពោលគីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអាចចូលជាធរមាន ទៅបាន លុះត្រាតែអារ៉ាប៊ីសាអូឌីតចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាព Abraham Accords»

គួរបញ្ជាក់ថា Abraham Accords គឺជាកិច្ចព្រមព្រៀងសន្តិភាពមួយដែលត្រូវបានសម្រេចឡើងនៅក្រោមកិច្ចប្រឹងប្រែងរបស់លោក ត្រាំ កាលពីអាណត្តិទី១ ដើម្បីឱ្យអ៉ីស្រាអែលអាចភ្ជាប់ទំនាក់ទំនងការទូតជាប្រក្រតីជាមួយបណ្ដាប្រទេសអារ៉ាប់ និងប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន។ នៅក្រោមកិច្ចព្រមព្រៀងនេះដែលត្រូវបានឈានដល់ចន្លោះពីឆ្នាំ២០១៩ និងឆ្នាំ២០២០ ប្រទេសបានភ្ជាប់ទំនាក់ទំនងជាមួយ អ៉ីស្រាអែល រួមមានអេមីរ៉ាតអារ៉ាប់រួម បារ៉ែន ម៉ារ៉ុក និងស៊ូដង់៕