កាណាដា ​បញ្ចេញវិធានការដាក់ពន្ធ​សងសឹក១៥-៥០ភាគរយ លើ​ទំនិញ​អាមេរិក ហើយប្តេជ្ញាបន្តឆ្លើយតប បើលោក ត្រាំ ពិតជាដំឡើងពន្ធទ្វេដងលើរថយន្តកាណាដា នៅដើមឆ្នាំក្រោយ

26-08-2026 13:24

(អូតាវ៉ា)៖ កាណាដា​ កាលពី​ថ្ងៃ​អង្គារ​ ទី២៥ ខែសីហា ឆ្នាំ២០២៦ បាន​ប្រកាសពីវិធានការដាក់ពន្ធសងសឹកប្រឆាំង​លើ​ទំនិញ​អាមេរិក ក្នុងអត្រាចន្លោះពី ១៥ ទៅ ៥០ភាគរយ ខណៈ​សង្គ្រាមពាណិជ្ជកម្ម​កាន់តែ​តានតឹងខ្លាំង ឡើង​រវាង​ប្រទេសទាំងពីរ ដែលធ្លាប់តែជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនឹងគ្នាយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ពន្ធ​គយសងសឹក​របស់​ទីក្រុង​អូតាវ៉ា​ នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃទី៨ ខែ​កញ្ញា ដែល​ជា​កាលកំណត់​ ត្រូវបានគូសបញ្ជាក់ប៉ុន្មានថ្ងៃមុន ​ដោយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បន្ទាប់ពី​វិធានការដាក់ពន្ធគយ ៥០ភាគរយ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រឆាំងមកលើ​ផលិតផល​កាណាដា ​បាន​ចូល​ជាធរមាន​ កាលពី​ថ្ងៃ​សៅរ៍សប្តាហ៍មុន។

កាលពី​ថ្ងៃ​អង្គារ​ មន្ត្រី​កាណាដា​បាន​ប្រាប់ថា ​ពន្ធ​ថ្មី​នេះ​នឹងស្មើគ្នាជាមួយកម្រិតនៃការដាក់ពន្ធគយ​របស់​សហរដ្ឋអាមេរិក ហើយបានប្រកាស​កញ្ចប់​ជំនួយ ៥,៤ពាន់​លាន​ដុល្លារ​ សម្រាប់​ក្រុមហ៊ុននិងបុគ្គលិកកាណាដានានា ដែល​រង​ផលប៉ះពាល់។ ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ឧស្សាហកម្ម​កាណាដា លោកស្រី Melanie Joly បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​របស់​លោកស្រី ​នឹងបន្តតតាំង ​ប្រសិនបើ​លោក ត្រាំ ពិតជាអនុវត្តតាម​ការ​គំរាមកំហែង​របស់​លោក ​ក្នុង​ការ​ដំឡើង​ពន្ធ​អាមេរិក​ទ្វេដង​លើ​រថយន្ត​កាណាដា។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន កាណាដានិងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទប់ស្កាត់ពន្ធគយថ្មី ៥០ភាគរយរបស់អាមេរិក លើទំនិញកាណាដា គិតជាទំហំទឹកប្រាក់ប្រហែល ២០ពាន់លានដុល្លារ បន្ទាប់ពីមានកិច្ចប្រឹងប្រែងចរចាជាច្រើនសប្តាហ៍។ រីឯកាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ ប្រកាសគ្រោងដំឡើងពន្ធលើរថយន្តកាណាដាទ្វេដង ចាប់ពីឆ្នាំក្រោយ ដល់៥០ភាគរយ ថែមទៀតផង៕