ចិន-ឥណ្ឌា បើកកិច្ចពិភាក្សាព្រំដែន និងឯកភាពបន្តស្វែងរកដំណោះស្រាយរួមគ្នា (Video inside)

26-08-2026 14:03

(ប៉េកាំង)៖ ចិននិងឥណ្ឌា កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ បានឯកភាពបន្តកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយមួយ ដែលមានយុត្តិធម៌ សមហេតុផល និងអាចទទួលយកបានទៅវិញទៅមក ចំពោះបញ្ហាព្រំដែន បន្ទាប់ពីកិច្ចពិភាក្សារវាងអ្នកការទូតជាន់ខ្ពស់ប្រទេសទាំងពីរ នៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងការបរទេសចិន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បានជួបពិភាក្សាគ្នា ហើយជំនួបពិភាក្សានោះ បានប្រព្រឹត្តទៅដោយគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ រួសរាយរាក់ទាក់ និងត្រង់ទៅត្រង់មក ជុំវិញកិច្ចការព្រំដែន និងទំនាក់ទំនងទ្វេភាគី។ លោក Wang បាននិយាយថា ទំនាក់ទំនងរវាងចិននិងឥណ្ឌា លែងមានសារៈសំខាន់ត្រឹមតែក្នុងក្របខណ្ឌទ្វេភាគីទៀតហើយ ប៉ុន្តែគឺមានសារៈសំខាន់ ក្នុងកម្រិតសកលនិងជាយុទ្ធសាស្ត្រ ដោយលោកបានបន្ថែមថា ប្រទេសជិតខាងទាំងពីរគួរបង្កើនទំនាក់ទំនង និងកាត់បន្ថយការខ្វែងគំនិតគ្នា។

ស្ថានទូតឥណ្ឌាប្រចាំប្រទេសចិន ក៏បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនផងដែរថា ភាគីទាំងពីរបានពិនិត្យឡើងវិញ នូវទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីមធ្យោបាយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងរក្សាស្ថិរភាព ក៏ដូចជាសន្តិភាព នៅតំបន់ព្រំដែន។ ប្រទេសទាំងពីរ ដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក និងជាមហាអំណាចនុយក្លេអ៊ែរ មានព្រំប្រទល់រួមគ្នាប្រវែងប្រហែល ៣៨០០ គីឡូម៉ែត្រ ដែលភាគច្រើន មិនទាន់បានកំណត់ខ្សែបន្ទាត់ច្បាស់លាស់ និងមានបញ្ហាជម្លោះនៅតំបន់ជួរភ្នំហិម៉ាឡៃ។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងញូវដែលី ត្រូវសង្កេតឃើញថា បានប្រសើរឡើងជាលំដាប់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ប្រល័យនៅព្រំដែន កាលពីក្នុងឆ្នាំ២០២០ ដែលនាំឱ្យមានការប្រឈមមុខយោធា អស់រយៈពេល៤ឆ្នាំ មុនពេលកិច្ចព្រមព្រៀងដកថយកម្លាំងវិញ ត្រូវសម្រេចបាននៅក្នុងខែតុលា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបំពេញទស្សនកិច្ច មកកាន់ប្រទេសចិនជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំ ដែលជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹង ក្នុងទំនាក់ទំនង។ រីឯថ្មីៗនេះក៏មានព័ត៌មានដែរថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទំនងជានឹងទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅខែក្រោយ ក្នុងទីក្រុងញូវដែលី ដោយមានគណៈប្រតិភូអមដំណើរដ៏ធំមួយ នៅក្នុងអ្វីដែលអាចនឹងក្លាយជា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល៧ឆ្នាំ និងជាសញ្ញាថ្មីមួយទៀតនៃភាពធូរស្រាល ក្នុងទំនាកទំនងរវាងប្រទេសទាំងពីរ៕