ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឱ្យប៉ូលិសបង្កើនការទទួលខុសត្រូវ បន្ទាប់ពីសាធារណជនផ្ទុះការខឹងសម្បារ ជុំវិញករណីមនុស្សបាត់ខ្លួននៅកោះ Jeju (Video inside)

26-08-2026 15:02

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអំពាវនាវឱ្យប៉ូលិសបង្កើនការទទួលខុសត្រូវរបស់ខ្លួន បន្ទាប់ពីមានការខឹងសម្បារពីសាធារណជន ចំពោះការដោះស្រាយករណីមនុស្សបាត់ខ្លួនជាបន្តបន្ទាប់ នៅកោះ Jeju ស្របពេលកំណែទម្រង់ដែលនឹងផ្តល់តួនាទីកាន់តែធំ ដល់ប៉ូលិសក្នុងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ត្រៀមចូលជាធរមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦។

លោក Lee បានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារសប្តាហ៍នេះថា «ប៉ូលិសទំនងជាស្ថាប័នរដ្ឋ ដែលមានអំណាចធំបំផុត។ សាធារណជនកំពុងចោទសួរថា តើប៉ូលិសអាចទទួលខុសត្រូវ ចំពោះអំណាចនោះបានឬទេ។ ការទទួលខុសត្រូវចាំបាច់ត្រូវតែពង្រឹង ឱ្យសមស្របតាមទំហំអំណាច»

អាជ្ញាធរកូរ៉េបាននិយាយថា មនុស្ស៤នាក់ ដែលត្រូវបានរាយការណ៍ថាបាត់ខ្លួននៅកោះ Jeju ត្រូវបានរកឃើញថាស្លាប់ ក្នុងចន្លោះពេល៣ថ្ងៃ គិតមកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ។ ករណីទាំងនេះមិនពាក់ព័ន្ធគ្នាទេ ប៉ុន្តែ២ករណី មានការអះអាងថា ត្រូវបានបិទបញ្ចប់ទៅ ដោយមន្ត្រីប៉ូលិសតែម្នាក់ ដោយមិនបានបញ្ជាក់ថា អ្នកបាត់ខ្លួនទាំងនោះ ពីតជាមានសុវត្ថិភាពឡើយ។

ការចោទប្រកាន់នេះ បានជំរុញឱ្យប៉ូលិសពិនិត្យមើលឡើងវិញ នូវរបាយការណ៍មនុស្សបាត់ខ្លួនសរុបទាំង ២៩៨ករណី ដែលមន្ត្រីរូបនោះបានទទួលបន្ទុក។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ប្រហែល១០ករណី កំពុងត្រូវបានពិនិត្យថា អាចត្រូវបានបិទបញ្ចប់ដោយមិនត្រឹមត្រូវ។

ករណីមួយពាក់ព័ន្ធនឹង បុគ្គលឈ្មោះ Jang Mi-ran ជាស្ត្រីអាយុ៣៧ឆ្នាំ ដែលការបាត់ខ្លួនរបស់នាង បានក្លាយជាបញ្ហាដ៏ចម្រូងចម្រាសទូទាំងប្រទេស បន្ទាប់ពីប៉ូលិសរងការចោទប្រកាន់ថា បានបិទករណីនេះ ទាំងមិនបានបញ្ជាក់ថា នាងពិតជាមានសុវត្ថិភាព។ សាកសពរបស់ស្រី្តម្នាក់នោះ ត្រូវបានរកឃើញកាលពីថ្ងៃចន្ទសប្តាហ៍នេះ ពោលគឺរយៈពេល១០៤ថ្ងៃ បន្ទាប់ពីបានបាត់ខ្លួន។ រីឯករណីមួយទៀតពាក់ព័ន្ធនឹងបុរសម្នាក់វ័យ៦០ឆ្នាំ ដែលគ្រួសាររបស់គាត់ បានរាយការណ៍បាត់ខ្លួនជាថ្មី ជាហេតុនាំឱ្យមានការស្វែងរកឡើងវិញ ហើយទីបំផុតបានរកឃើញសាកសពរបស់គាត់។

តុលាការបានឃុំខ្លួនមន្ត្រីប៉ូលិសខាងលើ កាលពីថ្ងៃអង្គារ ក្រោមការសង្ស័យពីបទមិនបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ ក្លែងបន្លំកំណត់ហេតុអេឡិចត្រូនិកផ្លូវការ និងរារាំងការបំពេញភារកិច្ចរបស់សមត្ថកិច្ច។ ប៉ូលិសកោះ Jeju បាននិយាយថា ខ្លួនមិនមានការអត្ថាធិប្បាយបន្ថែមនោះទេ ជុំវិញរបៀបចាត់ចែងរបស់ខ្លួន ចំពោះករណីមនុស្សបាត់ខ្លួនខាងលើ ដែលបានដុតបញ្ឆេះក្តីបារម្ភអំពីសុវត្ថិភាព និងការរិះគន់នៅលើបណ្តាញសង្គម។ មេប៉ូលិសជាតិស្តីទីរបស់កូរ៉េខាងត្បូង លោក Yoo Jae-seong បានចេញមុខសុំទោស និងសន្យាចាត់វិធានការ ដើម្បីទប់ស្កាត់កុំឱ្យរឿងបែបនេះកើតឡើងម្តងទៀត។

គួរបញ្ជាក់ថា យោងតាមទិន្នន័យផ្លូវការ ប៉ូលិសកូរ៉េខាងត្បូង បានទទួលរបាយការណ៍មនុស្សពេញវ័យបាត់ខ្លួនសរុប ចំនួន ៧០ ៨១៤ ករណី កាលពីឆ្នាំ២០២៥។ ចាប់តាំងពីឆ្នាំ២០២២មក មានករណីបែបនេះសរុបប្រហែល ៧០ ០០០ករណី ត្រូវបានរាយការណ៍ក្នុងមួយឆ្នាំៗ បើទោះបីជាប៉ូលិសអះអាងថា ករណីភាគច្រើនគឺត្រូវបានដោះស្រាយរួច ក្នុងរយៈពេល៣០ថ្ងៃ ក៏ដោយ។

ភាពចម្រូងចម្រាសខាងលើ កើតមានឡើងបន្ទាប់ពី គណបក្សកាន់អំណាចកូរ៉េខាងត្បូង កាលពីខែកក្កដា បានសម្រេចដកអំណាចស៊ើបអង្កេតដែលនៅសេសសល់របស់រដ្ឋអាជ្ញា ដោយលើកឡើងពី ប្រវត្តិនៃការប្រើអំណាចក្នុងផ្លូវខុស។ ការផ្លាស់ប្តូរនេះនឹងចូលជាធរមាន នៅខែតុលាខាងមុខ ហើយវានឹងផ្តល់ឱ្យប៉ូលិសនូវតួនាទីស៊ើបអង្កេត ដែលកាន់តែធំឡើងយ៉ាងខ្លាំង៕