ចិន ត្រៀមខ្លួនទប់ទល់នឹងបណ្តុំព្យុះភ្លៀងមិនធ្លាប់មាន (Video inside)
26-08-2026 15:41
(ហុងកុង)៖ តំបន់ឆ្នេរ និងតំបន់ភាគខាងត្បូងប្រទេសចិន កំពុងត្រៀមខ្លួនទទួលរងនូវភ្លៀងធ្លាក់ខ្លាំងរយៈពេលច្រើនថ្ងៃ ខណៈដែលមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ដោយសារព្យុះទីហ្វុង Narra កំពុងធ្វើដំណើរចូលទៅតំបន់ដីគោក ហើយព្យុះមួយទៀត កំពុងបក់បោកឆ្ពោះទៅកាន់ឆ្នេរភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦។
ព្យុះ Narra បានបោកបក់ចូលដល់ដីគោកក្នុងលក្ខខណ្ឌជាព្យុះត្រូពិកមួយ កាលពីល្ងាចថ្ងៃអង្គារ នៅលើកោះ Hainan ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន បន្ទាប់ពីអូសបន្លាយពេលច្រើនថ្ងៃលើឈូងសមុទ្រ Beibu បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងខេត្ត Guangxi, Hainan និង Guangdong។
រដ្ឋបាលឧតុនិយមចិន បានឱ្យដឹងថា ព្យុះ Narra ដំណាលគ្នាជាមួយព្យុះ Saudel រួមទាំងព្យុះស៉ីក្លូនត្រូពិក Gaenari និង Atsani បានបង្កើតជាក្រុមព្យុះទាំង ៤ ដែលកើតឡើងយ៉ាងកម្រក្នុងពេលតែមួយ នៅតំបន់ប៉ាស៉ីហ្វិកភាគពាយ័ព្យ និងសមុទ្រចិនខាងត្បូង។
អាជ្ញាធរក្នុងតំបន់នៅខេត្ត Guangxi និង Hainan បិទអាជីវកម្ម ផ្អាកសកម្មភាពទេសចរណ៍ និងជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់។ ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមាននៅតំបន់ភាគខាងត្បូង បន្ទាប់ពីភ្លៀងខ្លាំងនាពេលថ្មីៗ ធ្វើឱ្យទឹកទន្លេឡើងហួសកម្រិតប្រកាសអាសន្ន និងបង្កជាទឹកជំនន់នៅតំបន់ទំនាប Guangxi រួចទៅហើយ។
ព្យុះទីហ្វុង Saudel ក៏នឹងទៅដល់តំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន ចន្លោះខេត្ត Zhejiang និងខេត្ត Fujian ក្នុងអំឡុងថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ខណៈដែលគំរូព្យាករណ៍អាកាសធាតុបង្ហាញថា គន្លងខាងក្រៅរបស់ព្យុះនេះ អាចនឹងលាតសន្ធឹងត្រឡប់ទៅរកខេត្ត Guangxi វិញ៕






