* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទីក្រុងហូជីមិញរបស់វៀតណាម ស្នើដាក់ការរឹតបន្តឹងលើយានយន្តសាំងនិងម៉ាស៊ូត ចាប់ពីពាក់កណ្តាលឆ្នាំ២០២៧ (Video inside)

26-08-2026 16:28

(ហាណូយ)៖ ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសវៀតណាម កំពុងស្នើឱ្យមានការរឹតបន្តឹងជាបណ្តើរៗ លើការប្រើប្រាស់យានយន្តចាក់សាំង និងម៉ាស៊ូត នៅក្នុងតំបន់កណ្តាលទីក្រុង ចាប់ពីពាក់កណ្តាលឆ្នាំ២០២៧ ដោយវិធានការនេះ គឺជាផ្នែកមួយនៃគម្រោងបង្កើតតំបន់បំភាយឧស្ម័នកាបូនទាប (LEZ)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦។

កាសែតរដ្ឋវៀតណាម Thanh Nien បានដកស្រង់សម្តីអាជ្ញាធរក្រុងឱ្យដឹងថា ទីក្រុងហូជីមិញនឹងអនុវត្តគម្រោងតំបន់ LEZ ចាប់ពីខែកក្កដា ឆ្នាំ២០២៧ នៅតំបន់កណ្តាលក្រុង និងនៅទីក្រុងថ្មី Thu Thiem គ្របដណ្តប់លើផ្ទៃដីប្រហែល ៩៣០ហិកតា។ ក្រោយសាកល្បងបាន ២ឆ្នាំ តំបន់ LEZ នឹងត្រូវពង្រីកឱ្យគ្របដណ្តប់ដល់តំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ ចាប់ពីដើមឆ្នាំ២០២៩ ដែលជាទីតាំងមួយមានការហាមឃាត់រួចហើយ លើការចរាចររថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តក្រុងដែលមានកន្លែងគេង មិនឱ្យចូលមកកណ្តាលក្រុង។

កាលវិភាគចាប់ផ្តើមអនុវត្តថ្មីនេះ គឺយឺតយាវជាងសំណើពីមុន ដែលកំណត់ការអនុវត្តតំបន់ LEZ នាដើមឆ្នាំ២០២៦។ ការកែសម្រួលនេះ គឺដើម្បីឱ្យស្របទៅនឹងការដាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈដែលមិនប៉ះពាល់បរិស្ថាន ព្រមទាំងផ្តល់ពេលដល់ពលរដ្ឋ និងអាជីវកម្មនានាឱ្យផ្លាស់ប្តូរយានយន្ត។

គួរបញ្ជាក់ថា ទីក្រុងហាណូយ ក៏បានប្រកាសកាលពីខែមិថុនា អំពីគម្រោងបញ្ឈប់ជាបណ្តើរៗនូវការប្រើប្រាស់ម៉ូតូដឹកអ្នកដំណើរ ដែលប្រើប្រេងសាំង នៅក្នុងតំបន់ដែលមានការបញ្ចេញឧស្ម័នកាបូនទាប ដោយចាប់ផ្តើមពីការដាក់កម្រិតដោយស្ម័គ្រចិត្ត រហូតឈានទៅដល់ការហាមឃាត់ទាំងស្រុង ចាប់ពីខែមករា ឆ្នាំ២០២៧៕