ភាពពេញនិយមនៃ «ទេសចរណ៍នៅចិន» និង «ទិញទំនិញនៅចិន»៖ ប្រទេសចិនចែករំលែកភាគលាភជាមួយពិភពលោក

26-08-2026 17:09

(ប៉េកាំង)៖ នៅក្នុងរដូវក្តៅឆ្នាំនេះ មិនត្រឹមតែមានរលកកម្តៅខាងធាតុអាកាសប៉ុណ្ណោះទេ ប៉ុន្តែ «រលកកម្តៅ»នៃការទៅទស្សនាប្រទេសចិនក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ពិសេសទេសចរដែលមកពីប្រទេស ដែលមានសីតុណ្ហភាពក្តៅខ្លាំង បាននាំគ្នាសម្រុកចូលប្រទេសចិន ដើម្បីទទួលយកភាពត្រជាក់ស្រួលក្នុងរដូវក្តៅ ដែលពួកគេបានហៅថា «China Cool»

គោលនយោបាយលើកលែងទិដ្ឋាការរយៈពេល២៤០ ម៉ោងសម្រាប់ការឆ្លងកាត់ដែនចិនបាននិងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ ពោលគឺប្រជាពលរដ្ឋនៃប្រទេសដែលទទួលបានការអនុគ្រោះពីគោលនយោបាយនេះបើគិតចង់ទៅលេងប្រទេសចិន មិនបាច់គិតគូរពីអ្វីច្រើននោះឡើយ ទិញតែសំបុត្រយន្តហោះ អូសតែវ៉ាលិសក៏ចេញដំណើរបានភ្លាម។ ភាពងាយស្រួល នៃការធ្វើដំណើរចូលប្រទេសចិនបានជំរុញឱ្យ «China Travel» ក្លាយជារឿងទាន់សម័យមួយ សម្រាប់ទេសចរអន្តរជាតិ។
អ្វីដែលគួរឱ្យកត់សម្គាល់ ស្របនឹងការពេញនិយមខ្លាំងឡើងៗនៃ «China Travel» ទេសចរបរទេសកាន់តែច្រើនឡើងៗ បានសម្លឹងមើលឃើញការទិញអីវ៉ាន់នៅចិនដែលមានគុណភាពល្អនិងមានតម្លៃថោកសមរម្យ ជាពិសេសការទិញអីវ៉ាន់ ដែលទទួលបានការបង្វិលសងពន្ធ ដែលធ្វើឱ្យពាក្យ «China Shopping» ល្បីតាមបណ្តាញទំនាក់ទំនងសង្គមបរទេស រហូតដល់អ្នកខ្លះនិយាយថា«ពេលទៅប្រទេសចិន យកតែវ៉ាលិសទទេទៅបានហើយ ដើម្បីដាក់អីវ៉ាន់ពីចិនមកវិញ»។

កត្តាមួយទៀតដែលនាំឱ្យ «China Travel» ទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ គឺមិនថាទិញអីវ៉ាន់ ស្នាក់នៅ ទទួលទានអាហារ ធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ ជិះតាក់ស៊ីឬទិញសំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗ នោះទេ គ្រាន់តែស្កេនប្រព័ន្ធ QR កូដរបស់ក្រុមហ៊ុន Alipay ឬ WeChat pay ក៏សម្រេចការទូទាត់បានយ៉ាងងាយស្រួល ពោលគឺគ្រាន់តែភ្ជាប់កាតធនាគារជាមួយកម្មវិធីនៃក្រុមហ៊ុនទាំងពីរនេះ ក៏អាចទូទាត់នៅគ្រប់ទីកន្លែងទូទាំងប្រទេសចិន ដោយមិនបាច់យកសាច់ប្រាក់ជាប់ខ្លួន ដែលទេសចរទាំងឡាយមិនបាច់ខ្វល់ពីរឿងប្តូរប្រាក់ទៀតទេ។

គួររំលឹកថា កាលពីមុន ប្រជាជនចិនបាននាំគ្នាសម្រុកទៅបរទេសដើម្បីទិញអីវ៉ាន់ ព្រោះតែមានផលិតផលជាច្រើន ដែលប្រទេសចិនមិនមាន ឬគុណភាពមិនដូចគេ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ស្របនឹងការវិវឌ្ឍរីកចម្រើនផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មរបស់ចិន «Made in China» បានក្លាយជាស្តង់ដាផលិតផល ដែលទទួលស្គាល់ពីអន្តរជាតិ រហូតដល់អាចផលិតផលិតផលគុណភាពខ្ពស់ ស្រួលប្រើ តម្លៃថោកសមរម្យមួយចំនួនដែលប្រទេសដទៃមិនមានទៀតផង ដែលធ្វើឱ្យផលិតផលចិនមានកម្លាំងប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ក្នុងទីផ្សារអន្តរជាតិ។ សម្ភារៈប្រើប្រាស់ទំនើបៗដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ ឧបករណ៍វៃឆ្លាតដែលអាចពាក់បាន និងដ្រូនជាដើមបានក្លាយជាផលិតផលពេញនិយម ក្នុងចំណោមទេសចរបរទេស ដែលវាមិនត្រឹមតែបង្ហាញពីសមត្ថភាពច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យាទំនើបរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការកើនឡើងជាបន្តបន្ទាប់នៃតួនាទីរបស់ចិនក្នុងខ្សែសង្វាក់តម្លៃរបស់ពិភពលោកផងដែរ។

មិនថាការធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បី «China Travel» ឬដើម្បី «China Shopping» នោះទេ ទេសចរបរទេសរមែងតែត្រូវបានទាក់ទាញដោយទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់របស់ចិន ក៏ដូចជារបៀបរបបនៃការរស់នៅ របស់ជនជាតិចិន សឹងតែមានពួកយុវវ័យនៃបស្ចិមប្រទេសមួយចំនួន ពេលត្រឡប់ទៅផ្ទះវិញ បានកែប្រែទម្លាប់រស់នៅរបស់ខ្លួនដោយសាកល្បង រៀនត្រាប់តាមទម្លាប់រស់នៅរបស់ជនជាតិចិនទៀតផង ដូចជាការហូបទឹកក្តៅ ការហាត់ប្រាណតាមគុនចិន ការត្រាំជើងនឹងទឹកក្តៅ ដើម្បីថែទាំសុខភាព និងការតាមដានទស្សនាភាពយន្តចិនជាដើម ព្រមទាំងបង្ហោះអត្ថបទតាមបណ្តាញទំនាក់ទំនង សង្គមដើម្បីជំរុញឱ្យមិត្តភក្តិ ទៅលេងប្រទេសចិនទៀត ដែលពួកគេហៅថា «Chinamaxxing» ដែល​មានន័យថាធ្វើតាមទម្លាប់របស់ចិន។

តាមទិន្នន័យស្ថិតិ នៅឆមាសទីមួយឆ្នាំនេះ មានទេសចរបរទេសចំនួន២២៩១.៤ ម៉ឺននាក់បានចូលកម្សាន្តនៅប្រទេសចិន ដែលកើនឡើង២០.៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះអ្នកទទួលបានការអនុគ្រោះពី គោលនយោបាយលើកលែងទិដ្ឋាការ មានចំនួន៧៧.៧%។ ការបង្វិលសងពន្ធកើនឡើង៣៦៦% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ជាមួយនឹងកំណើនទំហំលក់ដូរចំនួន៦៩%។

ពីគោលនយោបាយអនុគ្រោះ ដល់កម្លាំងជាក់ស្តែងខាងឧស្សាហកម្ម រហូតដល់ភាពទាក់ទាញខាងវប្បធម៌ ពី «China Travel» ដល់ «China Shopping» រហូតដល់ «Chinamaxxing» គឺសុទ្ធតែបានធ្វើឱ្យពិភពលោកមើលឃើញ ប្រទេសចិនទំនើបមួយ ដែលពោរពេញទៅដោយកម្លាំងរស់រវើក និងប្រកបដោយភាពបើកចំហនិងបរិយាប័ន្ន។ ការបើកចំហដោយកម្រិតខ្ពស់របស់ប្រទេសចិន មិនត្រឹមតែបាននាំមកនូវឱកាស សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏បានបញ្ជាក់ប្រាប់ពិភពលោកផងដែរថា «សន្តិសុខសេដ្ឋកិច្ច» ពិតប្រាកដ វាមិនមែនផ្អែកលើការផ្តាច់ចេញពីគ្នាទេ តែការតភ្ជាប់គ្នា ការធ្វើការជាមួយគ្នាទើបអាចឆ្ពោះទៅរកការសម្រេចវិបុលភាព និងវឌ្ឍនភាពរួម៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន