ឆ្មាំបដិវត្តន៍អ៉ីរ៉ង់៖ អ៉ីរ៉ង់ និងអូម៉ង់ សម្រេចបានកិច្ចព្រមព្រៀងលើច្រកសមុទ្រ Hormuz ប៉ុន្តែច្រកនេះនឹងមិនបើកទេ ប្រសិនបើអាមេរិកមិនព្រមទទួលយកលក្ខខណ្ឌ (Video inside)

26-08-2026 20:46

(តេហេរ៉ង់)៖ កងឆ្មាំបដិវត្តន៍ឥស្លាមអ៉ីរ៉ង់ (IRGC) បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសអ៉ីរ៉ង់ និងប្រទេសអូម៉ង់ បានឈានដល់កិច្ចព្រមព្រៀងរួមគ្នាលើការបែងចែកចំណែកគ្រប់គ្រង និងចំណូលពីច្រកសមុទ្រ Hormuz ប៉ុន្តែផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយនេះនឹងមិនត្រូវបានបើកដំណើរការឡើងវិញនោះឡើយ ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមទទួលយកលក្ខខណ្ឌរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា «ច្រកសមុទ្រ Hormuz គឺជាកម្មសិទ្ធិរបស់ប្រទេសអ៉ីរ៉ង់ និងប្រទេសអូម៉ង់... យើងបានចរចាជាមួយអូម៉ង់អស់រយៈពេលប្រហែលមួយខែ ហើយយើងបានសម្រេចនូវលទ្ធផលដែលអាចទទួលយកបានទាំងសងខាង។ នៅក្នុងកិច្ចចរចានេះ កិច្ចព្រមព្រៀងត្រូវបានសម្រេចឡើងទាក់ទងនឹងចំណែករបស់ប្រទេសនីមួយៗនៅក្នុងដែនទឹកនៃច្រកសមុទ្រ និងការបែងចែកចំណែកនៃប្រាក់ចំណូលរវាងអ៉ីរ៉ង់ និងអូម៉ង់»។

ខាងកងកម្លាំង IRGC ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានព្យាយាមរារាំងកិច្ចចរចារវាងអ៉ីរ៉ង់ និងអូម៉ង់ ដែលបណ្តាលឱ្យកិច្ចព្រមព្រៀងនេះត្រូវពន្យារពេល។ លោក បានបន្ថែមយ៉ាងម៉ឺងម៉ាត់ថា «ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់ការរារាំង ហើយត្រឡប់មករកកិច្ចព្រមព្រៀងវិញ យើងអាចបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលបានសម្រេចនេះ... ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិកមិនព្រមទទួលយកលក្ខខណ្ឌរបស់យើងទេនោះ ច្រកសមុទ្រ Hormuz នឹងមិនត្រូវបានបើកឡើងវិញជាដាច់ខាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ធ្លាប់ជាផ្លូវទឹកដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ១ភាគ៥ នៃទូទាំងពិភពលោក មុនពេលសង្រ្គាមបានផ្ទុះឡើងកាលពីខែកុម្ភៈ។ ការបិទខ្ទប់នាវាចរណ៍ស្ទើរតែទាំងស្រុងនៅច្រកសមុទ្រនេះ បានរុញច្រានឱ្យតម្លៃថាមពលសកលបន្តកើនឡើង ខណៈដែលទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននៅតែបន្តដណ្តើមការគ្រប់គ្រងលើផ្លូវទឹកនេះរៀងៗខ្លួន៕