អាមេរិក អះអាងថាហេគឃ័រចិនបានលួចចូលប្រព័ន្ធក្រសួងយុត្តិធម៌, ទីភ្នាក់ងារ NASA, ធនាគារកណ្តាល និងព្រឹទ្ធសភាអាមេរិក

26-08-2026 23:33

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានបង្ក្រាប និងរំខានដល់ប្រតិបត្តិការលួចចូលប្រព័ន្ធកុំព្យូទ័រ (Hacking) ដ៏ធំមួយរបស់ប្រទេសចិន ដែលទទួលខុសត្រូវលើការលួចចូលប្រព័ន្ធទិន្នន័យនៃក្រសួងយុត្តិធម៌អាមេរិក, ទីភ្នាក់ងារអវកាស NASA, ធនាគារកណ្តាលអាមេរិក (Federal Reserve), ព្រឹទ្ធសភាអាមេរិក ព្រមទាំងស្ថាប័នរដ្ឋាភិបាលរសើបៗជាច្រើនទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរឹបអូសយកដែនគេហទំព័រ (Domains) ដែលត្រូវបានប្រើប្រាស់ដោយវេទិកាហេគឃ័រចំនួនពីរ គឺ «QScan» និង «QTRouter»។ យោងតាមឯកសារតុលាការ ក្រសួងថាមពលអាមេរិក, ក្រសួងសុខាភិបាល, វិទ្យាស្ថានជាតិសុខភាព (NIH) ព្រមទាំងក្រុមហ៊ុនឯកជនចំនួន ៤ នៅក្នុងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ស្ថិតក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារតាមអ៊ីនធឺណិតនេះផងដែរ។

ក្រសួងយុត្តិធម៌បានបញ្ជាក់បន្ថែមថា វេទិកាហេគឃ័រទាំងនេះត្រូវបានដំណើរការដោយក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយឈ្មោះ Nanjing Xinjiuwei Network Technology ដែលមានអតិថិជនរួមមាន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស៊ីវិលចិន (ក្រសួងសន្តិសុខរដ្ឋ) និងកងទ័ពរំដោះប្រជាជនចិន (PLA)។ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់ក្រុមហ៊ុននេះ ត្រូវបានប្រើប្រាស់ដើម្បីលួចជ្រៀតចូលបណ្តាញសំខាន់ៗនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោក តាំងពីយ៉ាងហោចណាស់ឆ្នាំ២០១៨ មកម្ល៉េះ។

គួរបញ្ជាក់ថា ស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ ខណៈដែលទីក្រុងប៉េកាំងតែងតែបដិសេធជាប្រចាំចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត៕