ក្រុមអ្នកជួយសង្រ្គោះពន្លឿនការតាមស្វែងរកអ្នកបាត់ខ្លួន ខណៈអ្នកស្លាប់ក្នុងមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ទីបេ កើនដល់ ១៦០នាក់ (Video inside)
27-08-2026 08:28
(NUWAKOT, នេប៉ាល់)៖ ក្រុមអ្នកជួយសង្រ្គោះ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ បានពន្លឿនការតាមស្វែងរកមនុស្សរាប់រយនាក់ដែលបានបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដី នៅឯតំបន់ព្រំដែននេប៉ាល់-ទីបេដែលបានសម្លាប់មនុស្សយ៉ាងហោច ១៦០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
មនុស្សជាច្រើននាក់នៅក្នុងចំណោមអ្នកដែលបានបាត់ខ្លួនត្រូវបានរាយការណ៍ថាជាភ្ញៀវទេសចរបរទេស បន្ទាប់ពីគ្រោះទឹកជំនន់ និងបំណាក់ដីដ៏សាហាវមួយបានលេបត្របាក់យកភូមិមួយទាំងមូល។ បើតាមក្រុមអ្នកជួយសង្រ្គោះចំនួនអ្នកស្លាប់អាចបន្តកើតឡើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនវិញបានរាយការណ៍ពីមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ពីបំណាក់ដីនៅឯតំបន់ទីបេ ដោយមានមនុស្ស ៣នាក់បានស្លាប់ និង២៦៥នាក់បានបាត់ខ្លួន។ ដោយឡែក អាជ្ញាធរនេប៉ាល់វិញបានឱ្យដឹងថាពួកគេបានរកឃើញសាកសពមនុស្ស ១៥៧នាក់ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយ ហើយកំពុងធ្វើការ ជម្លៀសប្រជាជនក្នុងតំបន់រងគ្រោះទៅកាន់កន្លែងមានសុវត្ថិភាព។
អាជ្ញាធរទីបេបានដាក់ពង្រាយក្រុមអ្នកជួយសង្រ្គោះជិត ៨០០នាក់ និងយានយន្តជាង ១៥០គ្រឿង ព្រមទាំងសត្វសុនខ និងទូកល្បឿនលឿន ដើម្បីធ្វើប្រតិបត្តិការជួយសង្រ្គោះ និងតាមរកអ្នកបាត់ខ្លួន ស្របពេលប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏បានប្រកាសផ្ដល់ជំនួយផងដែរ។
គួរបញ្ជាក់ថា បើតាមក្រសួងទេសចរណ៍នេប៉ាល់ មានភៀវទេសចរ ៤០៣នាក់ ក្នុងនោះមាន៣៤១នាក់ជាភៀវទេសចរបរទេស បានបាត់ខ្លួនអស់ជាច្រើនម៉ោង ក្រោយគ្រោះមហន្តរាយទឹកជំនន់ កាលពីថ្ងៃពុធ។ ជនបរទេសដែលបាត់ខ្លួនទាំងនោះរួមមាន ជនជាតិឥណ្ឌា ១៤២នាក់ និងជនបរទេសផ្សេងទៀតមាន អូស្ត្រាលី ព្រីតថេន ម៉ាឡេស៊ី ហូឡង់ ព័រទុយហ្កាល់ អាហ្រិ្វកខាងត្បូង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕







