នាយករដ្ឋមន្ត្រីកាតា ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីបន្តកិច្ចប្រឹងប្រែងសម្របសម្រួល (Video inside)
27-08-2026 09:08
(គែរ)៖ នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al-Thani នឹងយាងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីស្ដារកិច្ចចរចាឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បង្កើនការសម្លុតគំរាមដាក់គ្នាទៅវិញទៅមក ជុំវិញយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោនលើតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាតាដែលជាប្រទេសក្បែរខាងអ៉ីរ៉ង់ និងជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិក បានដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចចរចារវាងភាគីសង្រ្គាមទាំង២ ហើយក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការជួយសម្រេចបាននូវបទឈប់បាញ់មួយកាលពីខែមិថុនា។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាតា ធ្វើឡើងចំពេលការវាយប្រយុទ្ធគ្នាក្នុងសង្រ្គាមអ៉ីរ៉ង់ដែលខិតជិតឈានដល់ខែទី៦ បានផ្អាកមួយផ្នែកធំ តែមិនទាន់ឃើញពន្លឺការទូតឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមនេះនៅឡើយទេ។
សហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅតែខ្ទាស់គ្នាជុំវិញការគ្រប់គ្រងច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនប្រេងពិភពលោកដែលតេហេរ៉ង់កំពុងព្យាយាមប្រើប្រាស់ដើម្បីមានប្រៀបនៅឯតុចរចា។ អនុស្សារណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ក៏បានដួលរលំផងដែរមានមួយផ្នែកដោយសារតែការខ្វែងគំនិតគ្នាជុំវិញច្រកសមុទ្រនេះ។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman al-Thani នឹងពិភាក្សាគ្នាអំពី កិច្ចប្រឹងប្រែងសម្របសម្រួលយ៉ាងជាប់លាប់របស់កាតា ព្រមទាំងការវិវត្តស្ថានការណ៍នានានៅក្នុងតំបន់ អំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕




