ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ នាយក CIA ព្រមានរុស្ស៉ីកុំឱ្យបើកការវាយប្រហារលើសមាជិក NATO (Video inside)

27-08-2026 09:54

(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក John Ratcliffe បានព្រមានរុស្ស៉ីកុំឱ្យបើកការវាយប្រហារលើសមាជិកណាមួយរបស់ NATO បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្យាយាមបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់មេ CIA ទៅកាន់ទីក្រុងមូស្គូមិនមែនជាព្រឹត្តិការណ៍អស្ចារ្យអ្វីនោះទេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កាសែតអាមេរិក Wall Street Journal និងទូរទស្សន៍ CBS News បានឱ្យដឹងថាលោក John Ratcliffe បានព្រមានកុំឱ្យរុស្ស៉ីបើកការវាយប្រហារលើរដ្ឋជាសមាជិក NATO ណាមួយ ខណៈមានការវាយតម្លៃពីចារកម្មអាមេរិកថាទីក្រុងមូស្គូអាចនឹងបើកការវាយប្រហារទ្រង់ទ្រាយតូចៗ ក្នុងគោលបំណងធ្វើតេស្ដលើការប្ដេជ្ញាចិត្តរបស់បក្សសម្ព័ន្ធយោធាមួយនេះ។ Wall Street Journal ធ្លាប់បានរាយការណ៍ថាលោក ពូទីន អាចនឹងធ្វើតេស្ដលើ NATO តាមរយៈការវាយប្រហារទ្រង់ទ្រាយតូចលើរដ្ឋជាសមាជិក NATO នៅប៉ុន្មានខែ ឬឆ្នាំខាងមុខ។

សេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការសាកសួរពី AFP ទេលើបញ្ហានេះ។ ព្រមពេលជាមួយគ្នា លោក ត្រាំ បាននិយាយថាដំណើរទស្សនកិច្ចរបស់លោក Ratcliffe ទៅកាន់មូស្គូ កាលពីថ្ងៃអង្គារសប្ដាហ៍នេះគ្រាន់តែជាដំណើរទស្សនកិច្ចធម្មតាមួយប៉ុណ្ណោះ ហើយថាប្រមុខ CIA ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូដើម្បីពិភាក្សាពីសង្រ្គាមអ៊ុយក្រែន។ «លោក (លោក Ratcliffe) ធ្វើដំណើរទៅកាន់ទីនោះ (មូស្គូ) ដើម្បីធ្វើទស្សនកិច្ចធម្មតាមួយប៉ុណ្ណោះ ហើយខ្ញុំមិនចង់ឱ្យគេគ្រប់គ្នារំពឹងខ្ពស់ពីទស្សនកិច្ចនេះទេ។ យើងចង់ឃើញសង្រ្គាមអ៊ុយក្រែនបិទបញ្ចប់»។ នេះជាការបញ្ជាក់ របស់លោក ត្រាំ ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា លោក Ratcliffe បានស្ថិតក្នុងចំណោមមន្ត្រីអាមេរិកជាន់ខ្ពស់បំផុតម្នាក់ដែលបានធ្វើទស្សនកិច្ចទៅកាន់រុស្ស៉ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២មក។ ដំណើរទស្សនកិច្ចរបស់លោក កើតមានឡើងចំពេលរុស្ស៉ី និងអ៊ុយក្រែនកំពុងបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក ក្នុងគ្រាដែលកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅតែបន្តជាប់គាំង៕