USGS៖ ទឹកជំនន់ដ៏មហន្តរាយនៅនេប៉ាល់ ប្រហែលជាបង្កឡើងដោយការបាក់ផ្ទាំងទឹកកក (Video inside)

27-08-2026 10:45

(កដ្ឋមណ្ឌូ, នេប៉ាល់)៖ ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក (USGS) នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថាការបាក់រលំផ្ទាំងទឹកកកបានបណ្ដាលឱ្យមានសកម្មភាពរំញ័រ និងបង្កជាទឹកជំនន់ដ៏មហន្តរាយនៅឯតំបន់ព្រំដែននេប៉ាល់ និងទីបេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។​

តាម USGS សកម្មភាពរំញ័រដែលដំបូងឡើយត្រូវបានរាយការណ៍ថាជាគ្រោះរញ្ជួយដី តាមពិតទៅជាការបាក់រលំផ្ទាំងទឹកកក និងការហូរច្រោះកម្ទេចកម្ចី បានបង្កជាគ្រោះទឹកជំនន់លាយឡំជាមួយល្បាប់ភក់ភ្លាមៗ។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ មានមនុស្សយ៉ាងហោច ១៦០នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏កាចសាហាវមួយកាលពីថ្ងៃពុធ នៅឯតំបន់ព្រំដែននេប៉ាល់ និងទីបេ ខណៈបើតាមប្រព័ន្ធផ្សព្វផ្សាយចិន មានមនុស្ស ៥៥៨នាក់ ក្នុងនោះមានជនបរទេស ២៦០នាក់បានបាត់ខ្លួន។

មូលហេតុនៃគ្រោះមហន្តរាយខាងលើភ្លាមៗមិនត្រូវបានគេបញ្ជាក់ឱ្យច្បាស់នោះទេ ប៉ុន្មានម៉ោងបន្ទាប់ពីគ្រោះទឹកជំនន់បានកើតឡើងកាលពីថ្ងៃពុធ។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Shishir Khanal បាននិយាយថាគ្រោះរញ្ជួយដីមួយទំនងជាបង្កឱ្យមានការរអិលបាក់ដីធ្លាក់ចូលក្នុងទឹកទន្លេ ជាហេតុធ្វើឱ្យទឹកទន្លេជន់ជាទឹកជំនន់។ បើតាម USGS រញ័រកម្រិត ៥,២រ៉ិចទ័របានកើតឡើង នៅក្បែរព្រំដែននេប៉ាល់-ចិន កាលពីថ្ងៃទី២៦ ខែសីហា នៅម៉ោង ៨៖៣៧នាទីព្រឹក (ម៉ោងក្នុងតំបន់)។

USGS បានគូសបញ្ជាក់ថាដំបូងឡើយ រំញ័រទាំងនោះត្រូវបានរាយការណ៍ថាជាគ្រោះរញ្ជួយដីកម្រិត ៤,៤រ៉ិចទ័រ។ ក៏ប៉ុន្ត ការវិភាគលើរូបភាពផ្កាយរណប និងរលកនៃរំញ័របាននាំទៅរកការសន្មត់ថារំញ័រទាំងនោះតាមពិតទៅគឺជាការបាក់ផ្ទាំងទឹកកក និងការហូរច្រោះបំណែកកម្ទេចកម្ទី ហើយមិនមានគ្រោះរញ្ជួយដីបានកើតឡើងនោះទេ៕