មនុស្សម្នាក់បាត់បង់ជីវិត និង ១០នាក់រងរបួស ក្នុងហេតុការណ៍បើករថយន្តបំបុក នៅប្រទេសបារាំង (Video inside)
27-08-2026 11:49
(Caen)៖ បុរសម្នាក់បានបើករថយន្តបំបុកចូលហ្វូងមនុស្សមួយក្រុម នៅភាគពាយព្យនៃប្រទេសបារាំង កាលពីយប់ថ្ងៃពុធ ទី២៦ ខែសីហា (ម៉ោងក្នុងតំបន់) បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ និងរបួសចំនួន ១០នាក់ មុនពេលត្រូវបានឃាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋអាជ្ញារងបានឱ្យដឹងថា ហេតុការណ៍ដែលកើតឡើងក្នុងទីក្រុង Caen នោះ ដូចជាមិនពាក់ព័ន្ធនឹងការបំផុសគំនិតភេរវកម្មឡើយ។ មន្ត្រីរដ្ឋបាលក្នុងតំបន់ លោក David Claviere បាននិយាយថា ហេតុការណ៍នេះបណ្តាលឱ្យមនុស្ស ៧នាក់របួសធ្ងន់ និង ៣នាក់របួសស្រាល។
ប្រភពពីប៉ូលិសវិញ បានឱ្យដឹងថា ការបើកបររថយន្តបំបុកមនុស្សនេះ ទំនងជាកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ដោយលោក Claviere និយាយថា រថយន្តនោះបើកទៅបុកអ្នកថ្មើរជើងដោយចេតនា នៅលើផ្លូវទល់មុខស្ថានីយរថភ្លើង។ ជនបង្កដែលជាបុរសអាយុ ២៦ឆ្នាំ កើតនៅរុស្ស៉ី មិនមែនជាបុគ្គលស្ថិតក្នុងកំណត់ត្រារបស់ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់នោះទេ។
ប៉ូលិស បានឱ្យដឹងបន្ថែមថា ជនបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុ ប៉ុន្តែក្រោយមកត្រូវចាប់ខ្លួននៅតំបន់ Ouistreham ចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីតាំងកើតហេតុ។ ការស៉ើបអង្កេតផ្តោតលើការចោទប្រកាន់ពីបទឃាតកម្ម និងការវាយប្រហារដោយចេតនា បង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរ៕




