អាមេរិកសន្យាផ្តល់ជំនួយកន្លះលានដុល្លារដល់នេប៉ាល់ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវ (Video inside)

27-08-2026 13:16

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះជនរងគ្រោះដោយសារទឹកជំនន់ដ៏កាចសាហាវ នៅប្រទេសនេប៉ាល់ និងបានសន្យាផ្តល់ជំនួយបន្ទាន់ចំនួន ៥០០ ០០០ដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក សូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ អ្នកដែលបានបាត់បង់ជីវិត ក្នុងគ្រោះទឹកជំនន់ភ្លាមៗដ៏អាក្រក់នៅស្រុក Rasuwa ប្រទេសនេប៉ាល់»។ ក្រសួងបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ជូន ទីប្រឹក្សាឆ្លើយតបគ្រោះមហន្តរាយ ទៅកាន់តំបន់ ហើយសន្យាផ្តល់ថវិកាចំនួន ៥០០ ០០០ ដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានបង្ហាញការគាំទ្រផងដែរ ដោយលើកឡើងថា «យើងសូមបង្ហាញសាមគ្គីភាព និងរួមគ្នាបួងសួងសម្រាប់ប្រជាជននេប៉ាល់ បន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញនេះ»

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ មនុស្សយ៉ាងហោច ៨២៦ នាក់កំពុងបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗនោះ នៅទូទាំងប្រទេស បានកើនឡើងដល់ ១៦៥ នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ៕