មនុស្សសរុបកើនដល់ជិត ១៤០០នាក់បាត់ខ្លួន នៅប្រទេសនេប៉ាល់ និងតំបន់ទីបេ បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយ បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកក (Video inside)

27-08-2026 14:25

(កដ្ឋមណ្ឌូ)៖ ក្រុមភ្នាក់ងារជួយសង្គ្រោះ កំពុងបន្តស្វះស្វែងរកមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបាត់ខ្លួននៅតំបន់ព្រំដែន រវាងប្រទេសនេប៉ាល់-ចិន បន្ទាប់ពីទឹកជំនន់និងល្បាប់ភក់ដ៏សាហាវខ្លាំងក្លាមួយ បានវាយប្រហារសហគមន៍នៅតំបន់នោះ ដែលក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា បង្កឡើងដោយសារតែការបាក់ស្រុតផ្ទាំងទឹកកក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។

អាជ្ញាធរជាតិកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយរបស់នេប៉ាល់ បាននិយាយថា មនុស្សសរុប៨២៦នាក់ កំពុងបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសនេះ បានកើនឡើងដល់ ១៦៥ នាក់ គិតត្រឹមវេលាព្រឹកថ្ងៃព្រហស្បតិ៍។ អាជ្ញាធរនេប៉ាល់ បាននិងកំពុងបង្កើនប្រតិបត្តិការជួយសង្គ្រោះនៅតំបន់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺ Nuwakot និង Rasuwa។ វីដេអូដែលថតដោយដ្រូននៅនេប៉ាល់ បង្ហាញឱ្យឃើញ ផ្លូវជាច្រើនកន្លែងត្រូវបានបំផ្លាញ និងអគារមួយចំនួនត្រូវបានកប់ក្រោមទឹកជំនន់ និងល្បាប់ភក់ដ៏ខ្លាំងក្លានោះ។

ដោយឡែក ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្នុងចំណោមមនុស្ស ៥៥៨នាក់ដែលបាត់ខ្លួននៅទីបេ មាន ២៦០ នាក់ជាជនបរទេស ហើយអ្នកភូមិ ២នាក់ត្រូវបានជួយសង្គ្រោះ។ តាមសេចក្តីរាយការណ៍របស់ CCTV គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់ នៅខាងប្រទេសចិន។

មហន្តរាយនៅនេប៉ាល់និងទីបេនេះ មិនមែនជាព្រឹត្តិការណ៍ ដែលទើបកើតមានតែមួយលើក ឬនឹងពុំអាចកើតឡើងម្តងទៀតនោះទេ។ ប្រព័ន្ធទន្លេ Lhende Khola នៅក្នុងតំបន់ បានជន់លិចដល់ទៅ២ដង ក្នុងរយៈពេលត្រឹមតែ១៤ខែ ហើយប្រព័ន្ធផ្ទាំងទឹកកក នៅតំបន់ជួរភ្នំហិម៉ាល័យ ដែលកាន់តែមានអស្ថិរភាព កំពុងបង្កការគំរាមកំហែងដល់សហគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់ទឹក នៅទូទាំងតំបន់មានប្រជាជនរស់នៅប្រមូលផ្តុំច្រើនបំផុតមួយ ក្នុងពិភពលោក។

គួរបញ្ជាក់ថា តំបន់នេះក៏ធ្លាប់ជួបគ្រោះទឹកជំនន់ភ្លាមៗស្រដៀងគ្នា កាលពីខែសីហា ឆ្នាំ២០២៦ ផងដែរ នៅពេលបឹងទឹកកកមួយនៅទីបេ បានជន់លិច ដោយសារសីតុណ្ហភាពកើនឡើង។ ពេលនោះ មនុស្ស៩នាក់បានស្លាប់ ហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងស្ពានដែលតភ្ជាប់នេប៉ាល់និងចិន បានរងការខូចខាត៕