អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri ត្រូវបានចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិ (Video inside)

27-08-2026 14:56

(គូឡាឡាំពួ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ត្រូវបានចោទប្រកាន់ពីបទមិនបានប្រកាសទ្រព្យសម្បត្តិ នាំឱ្យរូបលោកក្លាយជាអតីតនាយករដ្ឋមន្ត្រីទី៣ហើយ របស់ប្រទេសម៉ាឡេស៊ី ដែលត្រូវបានចោទប្រកាន់ឬកាត់ទោសតាមផ្លូវច្បាប់ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញការសង្ស័យប្រព្រឹត្តបទល្មើសដែលពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Ismail Sabri ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានរយៈពេលជាង១៥ខែ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២២ ក្នុងអំឡុងពេលមានភាពចលាចលផ្នែកនយោបាយ រងការចោទប្រកាន់ថា បានលាក់បាំងទ្រព្យសម្បត្តិ ដែលរួមមានរូបិយប័ណ្ណក្នុងស្រុកនិងបរទេស ព្រមទាំងដុំមាសនិងប្រាក់។

មេធាវីការពារក្តីរបស់លោក Ismail Sabri បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា បទចោទប្រកាន់នេះ តាមពិតទៅគឺពាក់ព័ន្ធនឹងការបានមិនអនុវត្តតាមលិខិតជូនដំណឹង ដែលតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិមួយចំនួន។ លោក Ismail Sabri បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ នៅតុលាការជាន់ទាបក្នុងទីក្រុងគូឡាឡាំពួ នាថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយការតម្កល់ប្រាក់ធានាចំនួន ៣០០ ០០០រីងហ្គីត ឬស្មើនឹង៧៤ ៥៣៤ដុល្លារ។ ប្រសិនបើត្រូវតុលាការរកឃើញជាប់ពិរុទ្ធ លោកអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០ ០០០រីងហ្គីត។

កាលពីខែមីនា ឆ្នាំ២០២៥ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ម៉ាឡេស៊ី បាននិយាយ លោក Ismail Sabri បានដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ បន្ទាប់ពីត្រូវបានបញ្ជាឱ្យធ្វើបែបនោះ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេត ជុំវិញករណីសង្ស័យអំពើពុករលួយនិងការលាងលុយ បន្ទាប់ពីអាជ្ញាធរបានរឹបអូសទ្រព្យសម្បត្តិ មានតម្លៃជិត ៤០លានដុល្លារ ដែលត្រូវបានចោទថា មានជាប់ពាក់ព័ន្ធនឹងរូបលោក។ ទីភ្នាក់ងារបាននិយាយ កាលពីពេលនោះថា ក្នុងអំឡុងប្រតិបត្តិការឆ្មក់ឆែកឆេរ អាជ្ញាធរបានរឹបអូស លុយសុទ្ធចំនួន ១៧០លានរីងហ្គីត ក្នុងទម្រង់ជារូបិយប័ណ្ណផ្សេងៗ និង រួមជាមួយដុំមាសទម្ងន់១៦គីឡូក្រាម។

គួរបញ្ជាក់ថា លោក Ismail Sabri ធ្លាប់មានតួនាទីជាច្រើន ក្នុងវិស័យនយោបាយ រួមមានទាំងជាសមាជិកសភា និងរដ្ឋមន្ត្រីក្នុងជួរគណៈរដ្ឋមន្ត្រី ក្រោមនាយករដ្ឋមន្ត្រីសរុបចំនួន ៣រូប។ លោកធ្លាប់ទទួលបន្ទុកកាន់ការក្នុងក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទនិងតំបន់ កសិកម្ម ក៏ដូចជាពាណិជ្ជកម្មក្នុងស្រុក៕