កូរ៉េខាងជើង ថ្កោលទោសការលក់អាវុធរបស់អាមេរិកឱ្យកូរ៉េខាងត្បូង និងសន្យាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ (Video inside)

27-08-2026 15:29

(ព្យុងយ៉ាង)៖ ក្រសួងការបរទេសកូរ៉េខាងជើង នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ បានថ្កោលទោសការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការអនុម័តគម្រោងលក់មីស៊ីល និងសម្ភារពាក់ព័ន្ធឱ្យទៅកូរ៉េខាងត្បូង ហើយបានសន្យាថា នឹងឆ្លើយតបយ៉ាងខ្លាំងក្លានិងភ្លាមៗ ចំពោះសកម្មភាពដែលខ្លួនចាត់ទុកជាទង្វើអរិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង ចំពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញបំណងចង់ចាប់ផ្តើមការធ្វើទំនាក់ទំនងឡើងវិញ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយបង្ហាញចំណាប់អារម្មណ៍ចង់ជួបគ្នាម្តងទៀត ហើយក្នុងខែនេះ លោក ត្រាំ បានអះអាងថា លោក គីម បានឆ្លើយតបចំពោះការទាក់ទងរបស់លោក។ ប៉ុន្តែអ្នកវិភាគយល់ឃើញថា ព្យុងយ៉ាងបានបង្ហាញឆន្ទៈផ្លូវការតិចតួចប៉ុណ្ណោះ ក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយដូច្នេះថា «ជាថ្មីម្តងទៀត យើងស្គាល់យ៉ាងច្បាស់ ពីឥរិយាបថបើកចំហរបស់សហរដ្ឋអាមេរិក ដែលនៅតែប្រកាន់អរិភាពជានិច្ច ចំពោះប្រទេសកូរ៉េខាងជើង»។ ការលើកឡើងនេះ គឺឆ្លើយតបចំពោះការដែលថ្មីៗនេះ ក្រសួងការបរទេសអាមេរិក បានអនុម័តគម្រោងលក់មីស៊ីលប្រភេទ AIM-9X Sidewinder ដែលជាមីស៊ីលយុទ្ធសាស្ត្រសម្រាប់ប្រឆាំងយន្តហោះ និងឧបករណ៍ពាក់ព័ន្ធដទៃទៀត មានតម្លៃប្រហែល ១២៥លានដុល្លារ ទៅឱ្យកូរ៉េខាងត្បូង។ កូរ៉េខាងជើងបាននិយាយថា ការលក់សព្វាវុធនេះបង្កើតការគំរាមកំហែងថ្មី ចំពោះបរិយាកាសសន្តិសុខរបស់ខ្លួន។

ទន្ទឹមគ្នា កូរ៉េខាងជើងក៏បានរិះគន់ផងដែរ ចំពោះផែនការរបស់អាមេរិកក្នុងការផ្តល់ថវិកាដល់សកម្មភាពដែលពាក់ព័ន្ធនឹង ការកត់ត្រាស្ថានការណ៍សិទ្ធិមនុស្សរបស់កូរ៉េខាងជើង និងការប្រមូលព័ត៌មានអំពីប្រទេសអាស៉ីបូព៌ាមួយនេះ។ ទីក្រុងព្យុងយ៉ាង បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងទាំងនេះថា ជាផ្នែកមួយនៃយុទ្ធនាការដែលមានគោលបំណង បង្កអស្ថិរភាពដល់ប្រព័ន្ធសង្គម របស់ខ្លួន។

អ្នកនាំពាក្យខាងលើ បាននិយាយថា ក្នុងឆ្នាំនេះ ទីក្រុងវ៉ាស៊ីនតោនបានអនុម័តការលក់ប្រព័ន្ធអាវុធជាច្រើនប្រភេទ ទៅឱ្យកូរ៉េខាងត្បូង រួមមានមីស៊ីលប្រឆាំងយន្តហោះទំនើបៗ ឧទ្ធម្ភាគចក្រសម្រាប់កងទ័ពជើងទឹក ឧទ្ធម្ភាគចក្រប្រយុទ្ធ និងគ្រាប់បែកបំពាក់ប្រព័ន្ធនាំផ្លូវចំគោលដៅ ព្រមទាំងជំរុញឱ្យទីក្រុងសេអ៊ូល បង្កើនសមត្ថភាពធ្វើសង្គ្រាមថែមទៀត។

ជាចុងក្រោយ មន្ត្រីកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា ទីក្រុងព្យុងយ៉ាងដឹងច្បាស់អំពីការគំរាមកំហែងបែបនេះ ហើយនឹងមានចំណាត់ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ ភ្លាមៗ និងខ្លាំងក្លា ចំពោះសកម្មភាពអរិភាពទាំងឡាយ៕