បទវិភាគ៖ ការចូលធ្វើទេសចរណ៍ក្នុងដែនប្រទេសចិននៅរដូវក្តៅមានភាពពេញនិយមខ្លាំង ប្រទេសចិនដ៏ពិតប្រាកដទាក់ទាញភ្ញៀវទេសចរជាច្រើននៅទូទាំងពិភពលោក

28-08-2026 17:47

(ប៉េកាំង)៖ នៅរដូវក្តៅឆ្នាំនេះ ទីផ្សារទេសចរណ៍ចូលដែនរបស់ចិនមានភាពពេញនិយមខ្លាំងជាបន្តបន្ទាប់ ដែលបានទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងៗ ឱ្យដកបទពិសោធដោយផ្ទាល់ពីប្រទេសចិនដ៏ពិតប្រាកដ។ យោងតាមទិន្នន័យនៃវេទិកាទេសចរណ៍មួយបានបង្ហាញឱ្យដឹងថា តាំងពីខែកក្កដាឆ្នាំនេះមក ការបញ្ជាទិញសម្រាប់ការចូលធ្វើទេសចរណ៍ក្នុងដែនប្រទេសចិនបានកើនឡើង ២០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ពីពាក្យ «ធ្វើទេសចរណ៍នៅប្រទេសចិន» ដល់ «ក្លាយជាជនជាតិចិន» រហូតដល់ «ធ្វើតាមទម្លាប់រស់នៅរបស់ជនជាតិចិន (China Maxxing)» ការដែលភ្ញៀវទេសចរបរទេសធ្វើដំណើរឆ្លងកាត់ភ្នំ និងសមុទ្រទៅកាន់ប្រទេសចិន កំពុងប្រែពីការសម្លឹងមើលប្រទេសចិនតាមរយៈអេក្រង់ ទៅជាការដកបទពិសោធយ៉ាងស៊ីជម្រៅពីវិស័យទេសចរណ៍វប្បធម៌ ដែលចង់ធ្វើដំណើរទៅកាន់ប្រទេសចិនដោយផ្ទាល់ ដើម្បីទទួលអារម្មណ៍ពីប្រទេសចិនយ៉ាងពិតប្រាកដ។

តើអ្វីទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើនឱ្យធ្វើដំណើរទៅកាន់ប្រទេសចិន? មូលហេតុផ្ទាល់ គឺពួកគេមាន «តម្រូវការបន្ទាន់ក្នុងការគេចចេញពីកម្តៅ»។ នៅរដូវក្តៅនេះ អាកាសធាតុក្តៅខ្លាំងបានកើតឡើងជាញឹកញាប់ នៅតំបន់ជាច្រើនលើទូទាំងពិភពលោក រីឯរលកកម្តៅដ៏ខ្លាំងក្លាមួយបានវាយលុកពាសពេញទ្វីបអឺរ៉ុប ហើយ «ម៉ាស៊ីនត្រជាក់ចិន» ត្រូវបានលក់ដាច់នៅទីនោះ។

យោងតាមទិន្នន័យបង្ហាញឱ្យដឹងថា នៅខែមិថុនា ឆ្នាំនេះ បរិមាណនាំចេញម៉ាស៊ីនត្រជាក់របស់ចិនបានកើនឡើង ៧២,៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ប្រឈមមុខនឹង «ការព្រួយបារម្ភដោយសារកម្តៅ» ប្រជាជនបរទេសចង់ទៅប្រទេសចិនដោយផ្ទាល់ ដើម្បីដកបទពិសោធពី «សេរីភាពខាងម៉ាស៊ីនត្រជាក់» ពោលគឺ សំណង់សាធារណៈរបស់ចិន ដូចជា ហាងលក់ទំនិញ សណ្ឋាគារ និងស្ថានីយរថភ្លើងក្រោមដី បានបំពាក់ដោយម៉ាស៊ីនត្រជាក់ជាទូទៅ ដែលផ្តល់ផាសុកភាព និងអារម្មណ៍ល្អ។

បូករួមទាំងប្រទេសចិនមានទឹកដីដ៏ធំល្វឹងល្វើយ និងធនធានដ៏សម្បូរបែប ពីខ្ពង់រាបយូណាន-គុយចូវ ដល់ភ្នំព្រិលភាគខាងលិចខេត្តស៊ីឈួន ពីព្រៃឈើនៅតំបន់ភាគឦសាន ដល់វាលស្មៅដ៏ធំនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ធនធានគេចពីកម្តៅដ៏សម្បូរបែបបានផ្តល់នូវ «ជម្រើសត្រជាក់» ជាច្រើនជូនដល់អ្នកទេសចរបរទេស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរបរទេសដែលទៅកម្សាន្តក្នុងដែនប្រទេសចិនបានប្រែពី «ការទស្សនាដោយប្រញាប់ប្រញាល់» បន្តិចម្តងៗទៅជា «ការដកបទពិសោធយ៉ាងស៊ីជម្រៅ» ពីប្រទេសចិនដ៏ពិតប្រាកដ។

ស្របពេលដែលការចូលធ្វើទេសចរណ៍នៅប្រទេសចិនមានភាពពេញនិយមខ្លាំងឡើងៗជាបន្តបន្ទាប់ ផលិតផលច្នៃប្រឌិតថ្មីខាងវប្បធម៌ដែលប្របាច់បញ្ចូលនូវវប្បធម៌បុរាណចិន និងសោភ័ណភាពបែបទាន់សម័យ ព្រមទាំងការដកបទពិសោធយ៉ាងស៊ីជម្រៅពីវប្បធម៌ចិន ក៏ទទួលបានប្រជាប្រិយភាពយ៉ាងទូលំទូលាយពី សំណាក់ភ្ញៀវទេសចរបរទេស ហើយ «China Chic» ត្រូវបាននាំយកទៅគ្រប់ទីកន្លែងទូទាំងពិភពលោកជាបន្តបន្ទាប់។

ភ្ញៀវទេសចរបរទេសទៅទស្សនាមណ្ឌលស្វយ័តជនជាតិ Zang Gannan ដើម្បីគូររូប Thangkas ដើរកម្សាន្តពេលយប់នៅភូមិ Hongcun ដោយកាន់ចង្កៀងគោមត្រី និងដកបទពិសោធពីសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបី ដូចជា សិល្បៈផ្តិតរូប និងម្រ័ក្សណ៍ខ្មុកនៅក្នុងភូមិបុរាណ ដើម្បីដកបទពិសោធពីសោភ័ណភាពបែបចិន។នៅទីក្រុងទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញ ដូចជាក្រុង Luoyang ក្រុង Xi’an និងក្រុង Nanjing ជាដើម ភ្ញៀវទេសចរបរទេសបានស្លៀកសម្លៀកបំពាក់ប្រពៃណីជនជាតិហាន ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។

ដោយផ្អែកលើខ្សែសង្វាក់ឧស្សាហកម្មនៃសម្លៀកបំពាក់ប្រពៃណីជនជាតិហានដ៏ពេញលេញ ស្រុក Caoxian ខេត្ត Shandong បាននាំចេញសម្លៀកបំពាក់ប្រពៃណីចិនទៅកាន់បរទេស ហើយតំបន់ជាច្រើនលើពិភពលោកបាននាំគ្នាបង្កើត សហគមន៍សម្លៀកបំពាក់ប្រពៃណីជនជាតិហាន និងរៀបចំពិព័រណ៍បង្ហាញម៉ូដសម្លៀកបំពាក់។

បេតិកភណ្ឌវប្បធម៌អរូបីប្រពៃណីរបស់ចិន បាននិងកំពុងធ្វើបរិវត្តកម្មប្រកបដោយភាពច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការខាងជីវភាពរស់នៅនៃសម័យទំនើប។ ភ្ញៀវទេសចរបរទេសបាននាំយករបស់របរ «China Chic» ត្រឡប់ទៅផ្ទះវិញ ដែលជាការទទួលបានបទពិសោធពីមរតកវប្បធម៌បូព៌ាតាមរយៈការចូលរួមជាក់ស្តែង និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដែលបានជំរុញការតភ្ជាប់ដួងចិត្តប្រជាជន និងការរៀនសូត្រពីអរិយធម៌ចិននិងបរទេស ទៅវិញទៅមកតាមវិធីសាស្ត្រដ៏រស់រវើក។ អ្វីដែលទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យឆ្លងកាត់ចម្ងាយឆ្ងាយនោះ ក៏រួមមានប្រសិទ្ធភាព និងភាពទាក់ទាញនៃអភិបាលកិច្ចរបស់ចិនផងដែរ។

ទំនេរស្រណុកស្រួលនៃការញ៉ាំសាច់អាំងនៅពេលយប់ជ្រៅ ភាពធូរស្រាលរបស់ម្ចាស់ហាងតូចដែលបើកទ្វារសម្រាកកាយ ការចាកចេញពីហាងកាហ្វេដោយភ្លេចយកកាបូបស្ពាយនៅលើតុ។ល។ ទិដ្ឋភាពក្នុងជីវភាពប្រចាំថ្ងៃទាំងនេះ ដែលជារឿងធម្មតាក្នុងក្រសែភ្នែករបស់ជនជាតិចិន ប៉ុន្តែបានក្លាយជារឿង «នឹកស្មានមិនដល់» សម្រាប់អ្នកសរសេរប្លុក ឬភ្ញៀវទេសចរបរទេស។

ពួកគេបានពិពណ៌នាទិដ្ឋភាពទាំងនេះទៅជាពាក្យថ្មីមួយដែលពោរពេញទៅដោយភាពទាក់ទាញ គឺ «អារម្មណ៍សុវត្ថិភាពបែបចិន»។ ប្រសិនបើភ្នំ និងទន្លេដ៏ល្បីឈ្មោះ និងស្រស់ស្អាតអាចទាក់ទាញភ្ញៀវទេសចរឱ្យចូលទៅទស្សនា នោះអារម្មណ៍សុវត្ថិភាពជាក់ស្តែងពិតជាអាចធ្វើឱ្យភ្ញៀវទេសចរស្នាក់នៅចិនរហូតដល់ចង់មកលេងម្តងទៀត។

តាមពិតទៅ «អារម្មណ៍សុវត្ថិភាពបែបចិន» មិនមែនជានិយមន័យអរូបីនោះទេ ប៉ុន្តែគឺជាកម្លាំងប្រកួតប្រជែងជាស្នូល ដ៏លេចធ្លោបំផុតនៃការចូលធ្វើទេសចរណ៍ក្នុងដែនចិន ហើយក៏ជាចំណុចគន្លឹះដែលធ្វើឱ្យភ្ញៀវទេសចរប្រែក្លាយពី «ការធ្វើទេសចរណ៍នៅចិន» ឱ្យទៅជា «ការយល់ដឹងពីប្រទេសចិន» ផងដែរ។

លើសពីនេះទៅទៀត «ការព្យាបាលជំងឺពេលធ្វើដំណើរនៅប្រទេសចិន» ក៏បានក្លាយជាប្រធានបទដែលយកមក ពិភាក្សាយ៉ាងសកម្មផងដែរ។ ឆ្នាំនេះ តំបន់សាកល្បងទេសចរណ៍ និងវេជ្ជសាស្ត្រអន្តរជាតិឡឺឆេង នៅក្រុង Boao ខេត្ត Hainan បានទទួលភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើង ដែលទៅព្យាបាលជំងឺពេលធ្វើដំណើរ ហើយប្រភពទេសចរបានគ្របដណ្តប់លើប្រទេស និងតំបន់ជិត ២០។

គោលនយោបាយលើកលែងទិដ្ឋាការបានក្លាយជាកត្តាមួយ ដែលជំរុញកំណើននៃការចូលធ្វើទេសចរណ៍ក្នុងដែនប្រទេសចិន។ គិតមកទល់ខែមេសា ឆ្នាំនេះ ប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ ដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ២៩ និងគោលនយោបាយលើកលែងទិដ្ឋាការ ដោយឯកតោភាគីជាមួយប្រទេសចំនួន ៥០ និងពង្រីកប្រទេសដែលអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ឆ្លងកាត់ដែនចិនរយៈពេល ២៤០ ម៉ោង ដល់ចំនួន ៥៥ ប្រទេស។

ភាគលាភនៃគោលនយោបាយនេះបានឆ្លុះបញ្ចាំងក្នុងទិន្នន័យខាងក្រោម៖ រដ្ឋបាលជាតិគ្រប់គ្រងជនអន្តោប្រវេសន៍ចិន បានចេញសេចក្តីប្រកាសនៅថ្ងៃទី ២០ ខែសីហាថា ចាប់ពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នេះតទៅ ប្រជាពលរដ្ឋរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងវៀតណាម អាចទទួលការអនុគ្រោះពីគោលនយោបាយលើកលែងទិដ្ឋាការ រយៈពេល ២៤០ ម៉ោងសម្រាប់ការឆ្លងកាត់ដែនចិន និងការលើកលែងទិដ្ឋាការ សម្រាប់ការចូលដែនកោះហៃណានរយៈពេល ៣០ ថ្ងៃ។

គិតមកទល់ពេលនេះ ប្រទេសដែលទទួលបានការអនុគ្រោះពីគោលនយោបាយនេះបានកើនឡើងដល់ ៥៧ ប្រទេស រីឯប្រទេសដែលទទួលបានការអនុគ្រោះពីគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ៣០ ថ្ងៃសម្រាប់ការចូលដែនកោះហៃណាន បានកើនឡើងដល់ ៦១ ប្រទេស។

ឥទ្ធិពលវិជ្ជមាននៃការវាយតម្លៃចំពោះ «ប្រទេសចិនដ៏ពិតប្រាកដ» ត្រូវបានពង្រីកជាបន្តបន្ទាប់។ តាមបណ្តាញ ទំនាក់ទំនងសង្គមបរទេស ចំនួនសរុបនៃការចូលមើលគេហទំព័រអំពីពាក្យ «China Travel» បានលើសពី ២៨ ពាន់លាននាក់ រីឯចំនួនសរុបនៃការចូលមើលគេហទំព័រអំពីពាក្យ «China Maxxing» បានលើសពី ៤ ពាន់លាននាក់។

ការចូលធ្វើទេសចរណ៍ក្នុងដែនប្រទេសចិនមានអំណោយផលដល់ការបង្ហាញទៅកាន់ពិភពលោកនូវប្រទេសចិនដ៏ពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាទីផ្សារបន្ថែមដ៏សំខាន់សម្រាប់ការពង្រីកតម្រូវការក្នុងស្រុកផងដែរ។ «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍» បានលើកឡើងថា ដល់ឆ្នាំ ២០៣០ ចំនួនភ្ញៀវទេសចរ ដែលចូលធ្វើទេសចរណ៍ក្នុងដែនប្រទេសចិននឹងឡើងដល់ ១៩០ លាននាក់ ហើយប្រាក់ចំណាយសរុបសម្រាប់ការធ្វើទេសចរណ៍មានចំនួនលើសពី ១៥០ ពាន់លានដុល្លារអាមេរិក។

ក្រឡេកមើលរដូវក្តៅដែលមានភាពសន្ទុះខ្លាំងក្លានេះ ពាក្យ «China Travel» លែងជាស្លាកទេសចរណ៍ទៀតហើយ ប៉ុន្តែវាបានក្លាយជាបង្អួចមួយសម្រាប់ពិភពលោកយល់ដឹងអំពីប្រទេសចិន។ ពីផាសុកភាពដែលទទួលបានពី «សេរីភាពខាងម៉ាស៊ីនត្រជាក់» ដល់សោភ័ណភាពបូព៌ាដែលបង្កប់ក្នុងសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបី «China Chic» រហូតដល់ «អារម្មណ៍សុវត្ថិភាពបែបចិន» តាមផ្លូវនៅពេលយប់ជ្រៅ ភ្ញៀវទេសចរបរទេសទាំងឡាយបាននិងកំពុងដក បទពិសោធដោយផ្ទាល់ពីប្រទេសចិនដ៏ពិតប្រាកដ ដែលផ្ទុយស្រឡះពីការផ្សព្វផ្សាយរបស់ប្រទេសលោកខាងលិច និងពោរពេញទៅដោយទិដ្ឋភាពក្នុងជីវភាពរស់នៅ និងអារម្មណ៍ទំនើប។

ការដែលចូលធ្វើទេសចរណ៍ក្នុងដែនប្រទេសចិនមានភាពពេញនិយមខ្លាំង មិនមែនជារឿងចៃដន្យនៃ «តម្រូវការបន្ទាន់ក្នុងការគេចចេញពីកម្តៅ» នោះទេ តែគឺជាការឆ្លុះបញ្ចាំងចម្រុះនៃប្រសិទ្ធភាពអភិបាលកិច្ច ភាពទាក់ទាញខាងវប្បធម៌ និងភាពស្មោះត្រង់ក្នុងការជំរុញការបើកទូលាយរបស់ប្រទេសចិន។

ខណៈពេលដែល ភាគលាភនៃគោលនយោបាយលើកលែងទិដ្ឋាការត្រូវបានបញ្ចេញជាបន្តបន្ទាប់ ហើយខណៈពេលដែលពាក្យ «China Maxxing» បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមបរទេស យើងបានមើលឃើញទិដ្ឋភាព ដែលមានសេចក្តីស្រឡាញ់ និងការដឹងគុណរវាងគ្នានិងគ្នា៖ ប្រទេសចិនបាននិងកំពុងឱបក្រសោប ពិភពលោកតាមរយៈឥរិយាបថដែលប្រកបដោយជំនឿចិត្តលើខ្លួនឯង និងបរិយាបន្ន ហើយពិភពលោកក៏បានផ្តល់ផលប្រយោជន៍ដល់ប្រទេសចិនតាមរយៈភាពកក់ក្តៅ និងទឹកចិត្តចម្ងល់ផងដែរ។

សម្លឹងមើលទៅពេលអនាគត ស្របពេលដែល «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ស្តីពីការកសាងប្រទេសខ្លាំងក្លា ខាងវិស័យទេសចរណ៍» ត្រូវបានអនុវត្តជាបន្តបន្ទាប់ ការចូលធ្វើទេសចរណ៍ក្នុងដែនប្រទេសចិនប្រាកដជា នឹងប្រែពីការទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ទៅជាការទទួលប្រជាប្រិយភាពក្នុងពេលយូរជាក់ជាមិនខាន។ អ្នកផងទាំងពួង មានហេតុផលរំពឹងថា រូបភាពចិនដែលអាចជឿទុកចិត្តបាន និងគួរជាទីគោរពស្រឡាញ់ នឹងមានភាពកាន់តែច្បាស់លាស់ នៅក្នុងក្រសែភ្នែករបស់ពិភពលោក។ នេះមិនត្រឹមតែជាអត្ថន័យដ៏ត្រឹមត្រូវ នៃប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងដ៏រស់រវើកនៃភាពបើកទូលាយ និងជំនឿចិត្តលើខ្លួនឯងរបស់ប្រទេសធំផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន