ឥណ្ឌណេស៉ី បង្កេីនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធភ្លេីងឆេះព្រៃ និងផ្សែងអ័ព្ទដ៏អាក្រក់
29-08-2026 23:13
(ហ្សាការតា)៖ ឥណ្ឌណេស៉ី បានបង្កេីនកិច្ចខិតខំប្រឹងប្រែងដេីម្បីពន្លត់ភ្លេីងឆេះព្រៃ ដោយបង្កេីតភ្លៀងសប្បនិម្មិត ក៏ដូចជាការទម្លាក់ទឹកពីអាកាស ខណៈមនុស្សរាប់ម៉ឺននាក់ប្រឈមមុខនឹងផ្សែងអ័ព្ទ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦។
លោក Dante Saksono Harbuwono អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រជាជនជាង ៥លាននាក់នៅលើកោះ Borneo និង Sumatra បានរងផលប៉ះពាល់ដោយផ្ទាល់ពីហានិភ័យនៃផ្សែងអ័ព្ទដ៏អាក្រក់ កើតចេញពីភ្លេីងឆេះព្រៃរាប់សិបកន្លែងនៅទូទាំងតំបន់កោះដ៏ធំនេះ។
លោកបញ្ជាក់ថា មនុស្សប្រហែល ១៣ ៥០០នាក់ បានទៅរកការព្យាបាលផ្លូវដង្ហេីម នៅក្នុងខែកក្កដា និងខែសីហា។ សាលារៀនមួយចំនួនត្រូវបិទទ្វារជាបណ្តោះអាសន្ន ហេីយផ្សែងអ័ព្ទក៏បានធ្វេីឱ្យពលរដ្ឋសិង្ហបុរី និងម៉ាឡេស៉ី មិនស្រួលខ្លួនផងដែរ។
អង្គការមិនមែនរដ្ឋាភិបាលបានបង្កើតជម្រកបណ្តោះអាសន្នចំនួនពីរនៅទីក្រុង Palangkaraya ខេត្ត Central Kalimantan កោះ Borneo សម្រាប់ទារក និងកុមារដែលរងផលប៉ះពាល់ដោយសារផ្សែងអ័ព្ទ ហើយក៏មានគម្រោងបង្កើតបន្ថែមទៀត។ ទីជម្រកដែលអាចទទួលកុមារបានតែ ៥នាក់ក្នុងពេលតែមួយ ក៏មានរៀបចំម្សៅទឹកដោះគោសម្រាប់ទារក បំពង់អុកស៉ីសែន ថ្នាំពេទ្យ និងទីលានលេងកម្សាន្ត។
តាមលោក Dante ក្រសួងបានចែកចាយម៉ាសជាង ៥ លានបន្ទះនៅទូទាំងប្រទេសឥណ្ឌូនេស៉ី ដែលជាមានប្រជាជន ២៨៩លាននាក់ និងកំពុងប្រឈមមុខផលប៉ះពាល់នៃបាតុភូតអាកាសធាតុ El Niño ដ៏ខ្លាំងក្លា៕






