* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អតីតមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro អះអាងពីអភ័យឯកសិទ្ធិក្នុងនាមជាប្រមុខរដ្ឋប្រទេសមួយ និងស្នើឱ្យចៅក្រមអាមេរិក ទម្លាក់ចោលបទចោទប្រកាន់ (Video inside)

03-09-2026 14:54

(ញូវយ៉ក)៖ កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលត្រូវបានផ្តួលរំលំពីអំណាច បានស្នើឱ្យចៅក្រមអាមេរិកទម្លាក់ចោលការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទជួញដូរគ្រឿងញៀនប្រឆាំងនឹងរូបលោក ដោយអះអាងថា លោកគួរតែទទួលបានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោស ព្រោះលោកជាប្រមុខរដ្ឋនៃប្រទេសអធិបតេយ្យមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

បទចោទប្រកាន់ ដែលធ្វើឡើងដោយតុលាការសហព័ន្ធសង្កាត់ Manhattan នៃទីក្រុង New York នេះហើយ ដែលបានបម្រើជាមូលដ្ឋានគ្រឹះ សម្រាប់ប្រតិបត្តិការវាយឆ្មក់របស់យោធាអាមេរិក នៅទីក្រុងការ៉ាកាស និងការចាប់ខ្លួនលោក Maduro កាលពីថ្ងៃទី៣ ខែមករា។ មេដឹកនាំវ៉េណេស៊ុយអេឡារូបនេះ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារមួយកន្លែងនៅ New York ចាប់តាំងពីពេលត្រូវបានចាប់ខ្លួន បានប្រកាសជំហរថា លោកមិនបានប្រព្រឹត្តខុសដូចបទចោទប្រកាន់ទាំងនោះទេ។ លោក Maduro នឹងត្រូវឡើងសវនាការជំនុំជម្រះក្តី នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៧ ប្រសិនបើសំណើសុំទម្លាក់ចោលសំណុំរឿងរបស់លោក មិនទទួលបានជោគជ័យ។

គោលការណ៍ដែលចែងថា ប្រមុខរដ្ឋដែលកំពុងកាន់តំណែង មានអភ័យឯកសិទ្ធិរួចផុតពីការកាត់ទោសនៅក្រៅឯប្រទេស គឺជាគោលការណ៍ច្បាប់អន្តរជាតិមួយ ដែលមានជាយូរមកហើយ និងត្រូវបានចាត់ទុកថាមានសារៈសំខាន់ជាមូលដ្ឋាន សម្រាប់ទំនាក់ទំនងការទូត។ ការព្យាយាមរបស់លោក ម៉ាឌូរ៉ូ ក្នុងការបញ្ចុះបញ្ចូល ចៅក្រមតុលាការសហព័ន្ធអាមេរិកប្រចាំសង្កាត់ Manhattan លោក Judge Alvin ឱ្យទម្លាក់សំណុំរឿងនេះចោលវិញ នឹងក្លាយជាការសាកល្បងមួយ ចំពោះភាពស្ទាក់ស្ទើរជាទូទៅរបស់តុលាការអាមេរិក ក្នុងការយកច្បាប់អន្តរជាតិ មកអនុវត្តក្នុងសំណុំរឿងព្រហ្មទណ្ឌ។

ក្រុមអ្នកជំនាញផ្នែកច្បាប់ បានបង្ហាញការយល់ឃើញថា លោក Maduro ទំនងជាមិនអាចទទួលបានជោគជ័យ ក្នុងការតតាំងផ្លូវច្បាប់នេះទេ ដ្បិតរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនបានទទួលស្គាល់រូបលោក ជាប្រធានាធិបតីវ៉េណេស៊ុយអេឡា ចាប់តាំងពីឆ្នាំ២០១៩មក ហើយជាទូទៅ តុលាការអាមេរិកអនុវត្តតាមគោលជំហររបស់ប្រធានាធិបតីអាមេរិក និងរដ្ឋបាលរបស់លោក នៅពេលមានភាពចម្រូងចម្រាស ជុំវិញថាតើនរណាជាមេដឹកនាំស្របច្បាប់របស់ប្រទេសមួយផ្សេងទៀត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានឈប់ទទួលស្គាល់លោក Maduro នៅឆ្នាំ២០១៩ បន្ទាប់ពីលោកត្រូវបានស្បថចូលកាន់តំណែងជាប្រធានាធិបតី ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែលសហរដ្ឋអាមេរិក បានចោទប្រកាន់ថា មានការក្លែងបន្លំ។ អាមេរិកក៏បានចាត់ទុកការបន្តជាប់ឆ្នោតជាថ្មីរបស់លោក Maduro នៅឆ្នាំ២០២៤ ថាជាការបោះឆ្នោតក្លែងបន្លំផងដែរ។ ប៉ុន្តែលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា បានអះអាងថា ការបោះឆ្នោតទាំងពីរលើក សុទ្ធតែមានភាពយុត្តិធម៌ ហើយបានចោទប្រកាន់លើទីក្រុងវ៉ាស៊ីនតោនវិញថា ជាយូរមកហើយ គឺមានបំណងផ្តួលរំលំរូបលោក ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិប្រេងដ៏ធំមហាសាលរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ៕