កូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការដាក់ពង្រាយធនធានយោធា ទៅកាន់ច្រកសមុទ្រ Hormuz (Video inside)
04-09-2026 09:13
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងត្បូងកំពុងត្រៀមរៀបចំដាក់ពង្រាយធនធានយោធាដើម្បីទៅគាំទ្រសេរីភាពនៃការធ្វើនាវាចរ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz ហើយមានបំណងធ្វើការដាក់ពង្រាយនេះនៅមុនដំណាច់ឆ្នាំ២០២៦។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថារដ្ឋាភិបាលទីក្រុងសេអ៊ូលកំពុងត្រៀមដំណើរនីតិវិធីដើម្បីស្វែងរកការអនុម័តយល់ព្រមពីសភាសម្រាប់ការដាក់ពង្រាយយោធាផងដែរ ក្នុងនោះរួមមានដាក់នូវញត្តិមួយទៅកាន់សភានៅក្នុងខែកញ្ញានេះនៅបន្ទាប់ពីការត្រួតពិនិត្យរបស់គណៈរដ្ឋមន្ត្រី។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ទៀតថារដ្ឋាភិបាលកំពុងពិចារណាលើជម្រើសក្នុងនោះរួមមានការបញ្ជូនយន្ដហោះល្បាតសមុទ្រ ការគាំទ្រខាងឡូសជីស្ទីគ ឬអង្គភាពស្វែងរក និងដោះគ្រាប់មីនសមុទ្រ ហើយក៏កំពុងពិភាក្សាពីវិសាលភាព និងលទ្ធភាពនៃការចូលរួមចំណែកជាមួយបណ្ដាប្រទេសដទៃ ក្នុងនោះរួមមានសហរដ្ឋអាមេរិក ព្រីតថេន និងបារាំង។
គួរបញ្ជាក់ថា បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ទីក្រុងសេអ៊ូលកំពុងស្ថិតក្នុងពិភាក្សាលើមធ្យោបាយជាក់ស្ដែង ក្នុងគោលដៅចូលរួមចំណែកដល់សេរីភាពនៃការធ្វើនាវាចរ នៅក្នុងតំបន់ច្រកសមុទ្រ Hormuz។ សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីខែសីហា ថារូបលោកបានសម្រេចកាត់បន្ថយរយៈពេល និងបង្រួមការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង ក៏ព្រោះតែកូរ៉េខាងត្បូងបានដិសេធជួយសហរដ្ឋអាមេរិកក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់៕




