លោកស្រី Machado ៖ វ៉េណេស៊ុយអេឡាមិនមែនត្រូវការលុយតែមួយមុខនោះទេ ដើម្បីអភិវឌ្ឍប្រទេស ក្រោយកិច្ចព្រមព្រៀងប្រេងអាមេរិក (Video inside)
04-09-2026 10:15
(ការ៉ាកាស)៖ មេដឹកនាំគណបក្សប្រឆាំងដ៏លេចធ្លោរបស់វ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានអំពាវនាវឱ្យមានការផ្លាស់ប្ដូរឆ្ពោះទៅរកប្រជាធិបតេយ្យយ៉ាងពិតប្រាកដមួយនៅក្នុងប្រទេសរបស់លោកស្រី បន្ទាប់ពីរដ្ឋាភិបាលបណ្ដោះអាសន្នបានចុះកិច្ចព្រមព្រៀងប្រេងដ៏ធំសម្បើមជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុនបានប្រកាសពីការចុះកិច្ចព្រមព្រៀងប្រេងជាមួយវ៉េណេស៊ុយអេឡា ដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើប្រេង ៦៥ពាន់លានបារ៉ែល ឬស្មើនឹងជិត ២០ភាគរយ នៃប្រេងរបស់វ៉េណេស៊ុយអេឡាជាប្រទេសមានប្រេងបម្រុងធំជាងគេបំផុតនៅលើពិភពលោក។ តែទោះជាយ៉ាងក៏ដោយ លោកស្រី Machado បាននិយាយថាការអភិវឌ្ឍមិនមែនត្រូវការតែលុយមួយមុខនោះទេ តែក៏ត្រូវការការផ្លាស់ប្ដូរឆ្ពោះទៅរកប្រជាធិបតេយ្យពិតប្រាកដផងដែរ។
«វិស័យប្រេងជាផ្នែកដ៏ធំនៃការស្ថាបនាប្រទេសឡើងវិញ។ តែទន្ទឹមគ្នា វាក៏គ្មាននោះដែរការអភិវឌ្ឍដែលមិនមានស្ថាប័នរឹងមាំ និងរដ្ឋាភិបាលមួយត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជន»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Machado ក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បានធ្វើដំណើរទៅកាន់វ៉េណេស៊ុយអេឡាកាលពីថ្ងៃពុធ ដើម្បីត្រួតពិនិត្យការចុះកិច្ចព្រមព្រៀងរវាងទីក្រុងការ៉ាកាស និងក្រុមហ៊ុនប្រេងអាមេរិក Chevron និងក្រុមហ៊ុនឯកជនមួយចំនួនទៀតដែលបោះទុនវិនិយោគក្នុងឧស្សាកម្មប្រេងនៃប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ៕




