អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន (Video inside)
04-09-2026 11:11
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីៗលើក្រុមហ៊ុនគុយបាចំនួន៥ និងចៅប្រុសរបស់លោក Raul Castro ដែលជាមេដឹកនាំបដិវត្តន៍វ័យ ៩៥ឆ្នាំ ខណៈរដ្ឋបាលលោក ត្រាំ កំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសកោះ Caribbean ដែលដឹកនាំដោយរបបកុម្មុយនីស្តមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមក្រសួងការបរទេសអាមេរិក លោក Fidel Ernesto Castro អាយុ ៣១ឆ្នាំត្រូវបានដាក់ទណ្ឌកម្ម ដោយសារគាត់គឺសមាជិកពេញវ័យនៃត្រកូលគ្រួសារ Castro ដែលស្ថិតក្រោមទណ្ឌកម្មអាមេរិករួចហើយ។ ជីតារបស់លោក គឺជាតួអង្គសំខាន់ម្នាក់អំឡុងបដិវត្តន៍គុយបាឆ្នាំ១៩៥៩ និងបានដឹកនាំប្រទេសចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៨ ប៉ុន្តែនៅតែបន្តមានឥទ្ធិពលខ្លាំងក្នុងជួររដ្ឋាភិបាលគុយបាសព្វថ្ងៃ។
ទណ្ឌកម្មក៏ត្រូវបានដាក់ផងដែរ ទៅលើធនាគារ Banco Exterior de Cuba ដែលជាធនាគាររបស់រដ្ឋគុយបា ព្រមទាំងក្រុមហ៊ុនចំនួន ២ ដែលពាក់ព័ន្ធឧស្សាហកម្មរុករករ៉ែនីកែលរបស់ប្រទេសគុយបា និងក្រុមហ៊ុនចំនួនពីរទៀតដែលកំពុងប្រតិបត្តិការក្នុងវិស័យថាមពលគុយបា រួមទាំងក្រុមហ៊ុននាំចូលប្រេងមួយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាទណ្ឌកម្មថ្មីនេះ គឺជាការឆ្លើយតបទៅនឹងក្រុមឥស្សរជនគុយបា ដែលមានបានដោយសារតែកេងយកប្រយោជន៍ពីប្រជាជនសាមញ្ញ និងព្យាយាមរាយមនោគមវិជ្ជាម៉ាកនិយម (Marxist ideology) ដែលបង្កអស្ថិរភាពមកកាន់សហរដ្ឋអាមេរិក៕




