អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ (Video inside)
04-09-2026 14:23
(កដ្ឋមណ្ឌូ)៖ ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ នាថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ទ្រព្យសម្បត្តិ លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលមានតម្លៃយ៉ាងហោចណាស់ ៣៨៧,៥ពាន់លានរូពីនេប៉ាល់ ឬស្មើប្រមាណ ២,៥៦ពាន់លានដុល្លារ ត្រូវបានបំផ្លាញឬខូចខាត ដោយសារតែទឹកជំនន់ដ៏មហន្តរាយ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Dharma Raj Upreti ប្រធានអាជ្ញាធរជាតិនេប៉ាល់ ទទួលបន្ទុកកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បាននិយាយថា ក្នុងនោះ សម្រាប់រយៈពេល ៤ខែដំបូងនៃដំណាក់កាលស្តារឡើងវិញ ការចំណាយប៉ាន់ស្មានសម្រាប់សាងសង់ផ្លូវ និងទីជម្រកបណ្តោះអាសន្ន ហើយផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងស្តារការផ្គត់ផ្គង់អគ្គិសនី នឹងមានទំហំប្រហែលខ្ទង់ ៥២,៦លានដុល្លារ។
លោក Upreti បាននិយាយថា «ទាំងនេះគ្រាន់តែជាតួលេខប៉ាន់ស្មានប៉ុណ្ណោះ។ យើងបានគណនាតួលេខទាំងនេះ ដោយសហការជាមួយស្ថាប័ន និងនាយកដ្ឋានពាក់ព័ន្ធនានា»។ លោកបន្ថែមថា ការវាយតម្លៃលម្អិត នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។ មន្រ្តីនេប៉ាល់រូបនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នេប៉ាល់នឹងត្រូវសាងសង់លំនៅឋានឡើងវិញប្រមាណ ២០ ០០០ខ្នង នៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ ខណៈក្នុងចំណោមនោះ យ៉ាងហោចណាស់ ៧ ៥០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង។
គួរបញ្ជាក់ថា គ្រោះមហន្តរាយដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា បន្ទាប់ពីផ្ទាំងទឹកកកលើភ្នំមួយបានបាក់ស្រុត ដែលបង្កឱ្យទឹកកក ថ្ម និងភក់ ហូរធ្លាក់ចុះមកយ៉ាងគំហុក តាមដងទន្លេ Trishuli ក្នុងតំបន់ព្រំដែនរវាងនេប៉ាល់ និងប្រទេសចិន។ លំហូរដ៏សន្ធឹកសន្ធាប់នេះ បានបំផ្លិចបំផ្លាញទីប្រជុំជន និងភូមិឋានជាច្រើន ហើយបណ្តាលឱ្យមនុស្សជាង ១២៥០នាក់ស្លាប់ ខណៈមនុស្សជាង ៥០០០នាក់ទៀតនៅតែបាត់ខ្លួន និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន៕








