តុលាការហ្វីលីពីន ចេញដីកាចាប់ខ្លួនអនុប្រធានាធិបតី ពីបទគំរាមកំហែងអាយុជីវិតប្រធានាធិបតី (Video inside)
04-09-2026 15:42
(ម៉ានីល)៖ តុលាការនៃប្រទេសហ្វីលីពីន នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអនុប្រធានាធិបតី លោកស្រី Sara Duterte ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ ដែលចោទប្រកាន់លោកស្រីថា បានគំរាមកំហែងអាយុជីវិតប្រធានាធិបតី លោក Ferdinand Marcos Jr. ព្រមទាំងភរិយារបស់លោក ហើយនិងអតីតប្រធានសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តុលាការបានចេញដីកាចាប់ខ្លួន លោកស្រី Duterte ក្នុងសំណុំរឿងដែលមានការចោទប្រកាន់ចំនួន ៣ករណី ពីបទគំរាមកំហែងធ្ងន់ធ្ងរ។ តាមដីកាតុលាការ លោកស្រីអាចស្នើស្ថិតនៅក្រៅឃុំ ដោយតម្កល់ប្រាក់ធានាចំនួន ១២០ ០០០ប៉េសូ ឬស្មើនឹងប្រហែល ១៩០០ដុល្លារ សម្រាប់បទចោទនីមួយៗ។ មេធាវីរបស់លោកស្រី Duterte បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រីគ្មានបំណងគេចវេះពីច្បាប់ឡើយ ហើយនឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយតាមផ្លូវច្បាប់ ដែលលោកស្រីមានសិទ្ធិ។
សំណុំរឿងខាងលើ កើតចេញពីសម្តីរបស់លោកស្រី Duterte កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលលោកស្រីបាននិយាយថា លោកស្រីបានទាក់ទងជាមួយឃាតករស៉ីឈ្នួល ហើយបានបញ្ជាឱ្យរូបគេធ្វើឃាតលោក Marcos រួមទាំងភរិយារបស់លោក និងបងប្អូនជីដូនមួយលោក ដែលនៅពេលនោះកាន់តំណែងជាប្រធានសភាហ្វីលីពីន ក្នុងករណីប្រសិនបើលោកស្រី ត្រូវបានគេសម្លាប់។ លោកស្រី Duterte បានបដិសេធថា លោកស្រីមិនបានគំរាមកំហែងពួកគេដោយផ្ទាល់នោះទេ។
ការចោទប្រកាន់អំពីការគំរាមកំហែងនេះ ក៏ស្ថិតក្នុងចំណោមការចោទប្រកាន់មួយចំនួនផ្សេងទៀត ដែលមាននៅក្នុងសំណើចោទប្រកាន់ ដើម្បីដកលោកស្រីចេញពីតំណែងផងដែរ។ បច្ចុប្បន្ន លោកស្រីកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះរបស់ព្រឹទ្ធសភាហ្វីលីពីន ដែលកំពុងដើរតួនាទីជាតុលាការកាត់ក្តីសំណុំរឿងដកតំណែងនេះ។ ប្រសិនបើត្រូវបានរកឃើញថា ពិតជាមានទោសមែននោះ លោកស្រីអាចត្រូវបានដកចេញពីតំណែង និងប៉ះពាល់ដល់គម្រោងឈរឈ្មោះរបស់លោកស្រី សម្រាប់តំណែងប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំ២០២៨។
គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ លោកស្រី Duterte ក៏ត្រូវបានចោទប្រកាន់ផងដែរថា បានប្រើប្រាស់ថវិការដ្ឋដោយមិនត្រឹមត្រូវ អំឡុងពេលកាន់តំណែងជាអនុប្រធានាធិបតី និងនៅពេលលោកស្រី ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ។ ទោះជាបែបនេះក្តី លោកស្រី បានបដិសេធថាមិនបានប្រព្រឹត្តកំហុសអ្វីទាំងអស់៕






